គូដណ្តឹងចង់រៀបការឆាប់តែ សួង ស៊ីធឿន សុំពន្យាពេល

តារាសម្តែង សួង ស៊ីធឿន ហាក់បីដូចជាមិនអើរពើចំពោះរឿងរៀបការសោះ ខណៈពេលដែលគូដណ្តឹងចង់រៀបការ​ឆាប់​ៗ ។

តារាសម្តែង សួង ស៊ីធឿន បានភ្ជាប់ពាក្យជាគូស្នេហ៍ខ្លួនជាងមួយឆ្នាំហើយ បន្ទាប់ពីបានស្គាល់និងទំនាក់ទំនងគ្នាអស់​​ពេល​ជាង៥ឆ្នាំ កន្លងមក សួង ស៊ីធឿន ធ្លាប់បាននិយាយថា កញ្ញា​នឹងរៀបការនៅពេលដែលអាជីវកម្មថ្មីរបស់នាងដំណើរការល្អ ។

ស្របពេលជាមួយគ្នានេះផងដែរ អាជីវកម្មបើកផ្ទះសំណាក់របស់តារាសម្តែង សួង ស៊ីធឿន បានដំណើរការល្អ​តាម​គម្រោ​ង​​ដែលបានគ្រោងទុក រហូតដល់ពង្រើកសាខាជាច្រើនកន្លែងទាំងនៅទីក្រុង និងតាមបណ្តាខេត្តមួយចំនួន ប៉ុន្តែ​តារា​ស្រីរូប​នេះ នៅតែពុំទាន់ដឹកដៃគូស្នេហ៍ចូលរោងការទៀត ។

បើតាមប្រភពព័ត៌មានពីអ្នកសិទ្ធជាមួយតារាសម្តែង សួង ស៊ីធឿន បានបង្ហើបប្រាប់ថា គូដណ្តឹងរបស់ សួង ស៊ីធឿន ចង់រៀបការឆាប់ៗដើម្បីបំពេញបំណងគ្រួសារ ប៉ុន្តែ សួង ស៊ីធឿន បែរជាសុំពន្យាពេលទៅវិញ ។

ជួបជាមួយតារាសម្តែង សួង ស៊ីធឿន កាលពីពេលថ្មីៗនេះបានបញ្ជាក់ប្រាប់ថា រឿងរៀបការគង់តែរៀបចំឡើងទេ តែ​ពេល​នេះ​​សុំពន្យាពេលទៀតសិន ដោយសារការងាររកស៊ីកំពុងជោគជ័យ មិនចង់ឱ្យឱកាសល្អនេះកន្លង​ហួសទៅឡើយ ចង់សន្សំលុយឱ្យបានច្រើនជាងនេះសិន ទុកសម្រាប់រៀបចំពិធីមង្គលការរបស់ខ្លួនដោយមិនចាំបាច់ពឹង​​ពាក់​លើ​គ្រួសារ ។

សួង ស៊ីធឿន មានបំណងចង់រៀបចំពិធីមង្គលការខ្លួនដែលមានលក្ខណៈធំដុំ និងមានមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន​ចូល​រួមអបអរសាទរ យ៉ាងយូរ ឆ្នាំក្រោយនាងសម្រេចចិត្តរៀបការហើយ ដោយសារមិនចង់ឱ្យគូដណ្តឹងរងចាំយូរ ។

សួង ស៊ីធឿន ក៏ជាតារាសម្តែងលេចធ្លោមួយរូបដែលធ្លាប់លេចមុខក្នុងរឿងដុំច្រើនជាងរឿងភាគ បើទោះបីជាពេលនេះ​​កញ្ញា​​​​រវល់​មើលការងាររកស៊ីរបស់ខ្លួនក្តី កញ្ញា​នៅតែឆ្លៀតពេលថតរឿង ដើម្បីបន្សល់ទុកនូវស្នាដៃល្អ​សម្រាប់កូនចៅ​ជំនា​ន់​​ក្រោយៗ ៕