រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីកាលបរិច្ឆេទសម្រាប់រដូវបិទនេសាទ ឆ្នាំ២០២៣ នៅក្នុងដែននេសាទទឹកសាប ។
ក្នុងនោះ ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ចាប់បិទពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ។
ដោយឡែក ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺនិងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ចាប់បិទពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។
នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់អាចប្រើតែឧបករណ៍នេសាទលក្ខណៈគ្រួសារ ដែលមានចែង ក្នុងប្រកាសលេខ៤៥៨ ប្រកកសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២៕