បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាពុំមាន​ភាពចាំ​បាច់ត្រូវ​បើ​ក​​​​​ច្រក​ចូល​ត្រង់​មកប្រាសាទ​​ព្រះវិហារ​ពីក្នុង​ទឹកដី​​ថៃ​​នោះ​​ឡើយ

បន្ទាប់ពីព្រំដែននៅតំបន់ប្រាសាទវិហារត្រូវបានបិទអស់រយៈពេល១៥ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែលកងទ័ពនៃប្រទេស​ទាំងពីរ​បានប៉ះទង្គិចគ្នាដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដីថៃមកកាន់ប្រាសាទព្រះវិហារត្រូវបាន បិទទាំងស្រុង។

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ ដែលបានលើកឡើងពីបំណង​ដែលថៃស្នើសុំបើក​ច្រកចូលត្រង់មកប្រាសាទព្រះវិហារ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុ​ជា​ បានបង្ហាញទស្សនៈយល់ឃើញផ្ទាល់របស់ឯកឧត្ដមថា កម្ពុជាពុំមានភាពចាំបាច់ត្រូវបើកច្រកចូលត្រង់មក​ប្រាសាទ​ព្រះ​វិហារ​ពីក្នុងទឹកដីថៃនោះឡើយ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ហេតុផល សំខាន់ៗចំនួន៣។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ហេតុផលទីមួយនោះគឺ ករណីប្រាសាទព្រះវិហារ គឺជាការជាន់ដានប្រវត្តិសាស្ត្រដដែលៗ ដែលភាគីថៃតែងតែចិញ្ចឹមចិត្តថា ប្រាសាទព្រះវិហារជារបស់ខ្លួន ដោយកន្លងមក ថៃធ្លាប់បានបង្វែរបញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់ខ្លួនទៅជាចរន្តជាតិនិយម ដោយយកបញ្ហាប្រាសាទព្រះវិហារជាគោលដៅរួចមកហើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា «ជាក់ស្ដែង ខ្ញុំបានចងចាំព្រឹត្តិការណ៍ឆ្នាំ២០០៨យ៉ាងច្បាស់ ដែលកាលណោះ ខ្ញុំបានឱ្យមន្ត្រីរបស់​ខ្ញុំឡើងចង​បដា ប៉ុន្តែគ្មាននរណាហ៊ានឡើងចងឡើយ ចុងក្រោយខ្ញុំបានសម្រេចចិត្តឡើងចងបដាដោយខ្លួនឯងផ្ទាល់»។

ចំណែកហេតុផលទីពីរ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ពន្យល់ថា ការធ្វើដូចនេះ(ការបើកច្រកចូលប្រាសាទ​ព្រះវិហារពីខាងថៃ) កម្ពុជានឹងអាចបាត់បង់ភ្ញៀវទេសចរដែលគេត្រូវមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជា ព្រោះ​ប្រសិនបើកម្ពុជាឯកភាពក្នុងការបើកច្រកនេះ ភ្ញៀវទេសចរនឹងទៅស្នាក់អាស្រ័យនៅក្នុងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជា​បាត់បង់ចំណូលមួយផ្នែក​របស់ខ្លួន ពីភ្ញៀវទេសចរដែលមានបំណងមកទស្សនាប្រាសាទព្រះវិហារ។

រីឯហេតុផលសំខាន់ទីបីនោះគឺ ក្នុងពេលដែលភ្ញៀវទេសចរបរទេសសម្រេចចិត្តទៅស្នាក់នៅក្នុងប្រទេសថៃ ក្នុងគោល​ដៅធ្វើដំណើរមកទស្សនាប្រាសាទព្រះវិហារ គេនឹងបរិភោគតែផលិតផលផលិតនៅក្នុងស្រុកថៃ។ ត្រង់ចំណុចនេះ ត្រូវ​​បានឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាពន្យល់ថា កាលណាភ្ញៀវទេសចរស្នាក់នៅក្នុងប្រទេសថៃ គេ​បរិ​ភោគ​តែអាហារនិងផលិតផលរបស់ថៃ នោះកម្ពុជានឹងខាតបង់នូវអត្ថប្រយោជន៍មួយបន្ថែមទៀតគឺ ឱកាសដែល​កម្ពុ​ជា​​អាចបង្ហាញនូវផលិតផលរបស់ខ្លួនដល់ភ្ញៀវទេសចរ។

គួរបញ្ជាក់ផងដែរថា នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ មានច្រកអន្តរជាតិនិងច្រកតំបន់សរុបយ៉ាងហោចណាស់ចំនួន​២៤រួច​ស្រេចទៅហើយ៕

អត្ថបទ៖ រាជបណ្ឌិត្យសភាកម្ពុជា