យោងតាមទិន្នន័យពីគយចិន បានបង្ហាញកាលពីចុងសប្តាហ៍មុនថា ការនាំចេញរបស់ប្រទេសចិន ទៅកាន់កូរ៉េខាងជើង បានកើនឡើងខ្លាំង នៅក្នុងខែមេសា ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
ក្នុងនោះ ត្រូវបានរួមចំណែកដោយទំនិញសំខាន់ៗដូចជារោមសត្វ និងជីជាដើមមិនតែប៉ុណ្ណោះ ទិន្នន័យដែលត្រូវបានចេញផ្សាយដោយរដ្ឋបាលគយចិន បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញទំនិញពីចិន ទៅកាន់ប្រទេសផ្តាច់ការមួយនេះ បានកើនឡើងដល់ ៦៩% នៅក្នុងតម្លៃសរុប ១៦៦លានដុល្លារ នៅក្នុងខែមេសា ។
យ៉ាងណាមិញ សម្រាប់ទំនិញដែលចិន បាននាំចេញទៅច្រើនជាងគេ គឺសក់ពាក់ក្លែងក្លាយ និងរោមចៀម ដែលមានតម្លៃសរុប ១១,៦លានដុល្លារ និងជីកសិកម្ម ដែលមានតម្លៃ ៨,៨៤លានដុល្លារ ស្របពេលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក៏បានទិញយកអង្ករពីចិន ចំនួន ៥,០៧ លានដុល្លារ ផងដែរ កាលពីខែមេសា ។
គួរឱ្យដឹងថា គិតពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ នេះ ការនាំចេញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើង បានហក់ឡើងដល់ ៦០៣លានដុល្លារ ពីចំនួន ២៧០,៥៩លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
ជម្រាបជូនផងដែរថា ប្រទេសកូរ៉េខាងជើង បានទទួលរងនូវអសន្តិសុខស្បៀងជាយូរមកហើយ ខណ:កាសែត DongA Ilbo របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅថា វិបត្តិស្បៀងអាហាររបស់ទីក្រុងព្យុងយ៉ាង អាចនឹងកាន់តែមានភាពយ៉ាប់យ៉ឺន៕