សម្តេចតេជោ ហ៊ុន សែន ទទួល​យក​ការ​បំភ្លឺរបស់គណ​បក្ស​ភ្លើង​ទៀន តែនៅរងចាំការឆ្លើយរបស់លោក ជា ប៉ូច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន​​តាមរយៈសេចក្តីថ្លែង​ការណ៍ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដែលបានបញ្ជាក់ថា​គណបក្សពុំមាន​ជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គល រួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះផងដែរ។

ការព្រមទទួលយកការបំភ្លឺរបស់​គណបក្សភ្លើងទៀន នាពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ខ្ញុំក៍មិន​ចង់មានរឿងវែងឆ្ងាយតទៅទៀតដែរបើទោះជាខ្ញុំដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែប​ណា​រវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៍ដោយ។ ពេលនេះនៅ​សល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ។”

គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបដិសេធ​មិនទទួលយកពាក្យសុំទោសរបស់លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀននោះឡើយ។លោក ជា ប៉ូច ធ្លាប់បានប្រកាសប្តេជ្ញាផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលឲ្យបានប្រហែល​ជា២ខែ​មុននេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿង លោក ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយ រាប់ទាំងលោក ជា ប៉ូច បានសរសេរលិខិតមកសុំទោសសម្តេចកាលពីថ្ងៃ១៥ឧសភា២០២៣។ ទាំងសារសម្លេងជា ប៉ូចទាំងលិខិតជា ប៉ូចសុទ្ធ​តែទទួល​ស្គាល់ពាក្យទម្លាក់សម្តេចតេជោ ហ៊ុន សែន ឲ្យបាន។

សម្តេចតេជោ ក៏បានបញ្ជាក់ប្រាប់ទៅ លោក ជា ប៉ូច ថាពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការ ពន្យល់របស់លោក ជា ប៉ូច ក្នុងលិខិតកាលពីថ្ងៃ១៥ ខែឧសភា២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់​បដិវត្តពណ៍​ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាដឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។

សម្តេចថា លោក ជាប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់តែលោក និងបក្សរបស់ខ្លួនមានចរិតបែបនេះជារៀង​រហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។

ទន្ទឹមគ្នានេះ សម្តេចតេជោ បានបន្ថែមថា នៅមានរឿងដែលអាក្រក់មួយទៀតដែលមនុស្សក្នុងបក្សរៀបចំឡើងជា​លិខិត​បដិសេធលើការផ្សាយរបស់ហ្វ្រេសញូFresh newsដែលដាក់ថ្ងៃ១៤ឧសភា២០២៣ ដើម្បីឲ្យលោក ជា ប៉ូច ចុះហត្ថលេខា។ យោងតាមពង្រាងលិខិតនេះ មានគោលបំណងវាយប្រហារលើអង្គភាពFresh newsនិងរក្សាកិត្តិយសខ្លួនទាំងបំពាន​ដោយមិនខ្វល់​ពីយុត្តិធម៍នោះឡើយ។

តាមព័ត៌មានដែលទទួលបានលិខិត នេះត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលសម្តេចសុំឲ្យលោកសេង ម៉ាឌី​​ធ្វើការពន្យល់។ ហើយសុំមេធាវីរបស់សម្តេចត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណីទាំងករណី លោក ជា ប៉ូ ទាំងករណីលិខិតបដិសេធ ប៉ុន្តែត្រូវរង់ចាំរហូតថ្ងៃ៣០ឧសភា២០២៣ដើម្បីឲ្យ លោក ជា ប៉ូច ធ្វើការសម្រេចចិត្តនិង​​គណ​បក្សធ្វើ​ការបកស្រាយអំពីលិខិតបដិសេធ។