សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសមិនទទួលយកការសុំទោសពីលោក ជា ប៉ូច ដែលចង់ទម្លាក់សម្តេច និងថែមទាំងមានគម្រោងការអាក្រក់ ដែលត្រូវបានសម្តេចតេជោ លាតត្រដាងឲ្យបានដឹង។
តាមរយៈតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចបានបង្ហាញលិខិតសុំទោស និងលិខិតបដិសេធរបស់លោក ជា ប៉ូច ជាមួយនឹងសាររៀបចំដូចខាងក្រោម៖
រឿងជា ប៉ូចបានកើតឡើងច្រើនថ្ងៃហើយរាប់ទាំងជា ប៉ូចសរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ឧសភា២០២៣។ ទាំងសារសម្លេងជា ប៉ូចទាំងលិខិតជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ហ៊ុន សែនឲ្យបាន។
ប្រាប់ទៅជា ប៉ូចថាពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់របស់ប៉ូចក្នុងលិខិតថ្ងៃ១៥ឧសភា២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាដឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។ ប៉ូចអាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់តែប៉ូច និងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ខ្ញុំមិនទទួលយកការសុំទោសនោះឡើយប៉ូចគិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួននិងក្រុមគ្រួសារឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។ នៅមានរឿងដែលអាក្រក់មួយទៀតដែលមនុស្សក្នុងបក្សរៀបចំឡើងជាលិខិតបដិសេដ្ឋលើការផ្សាយរបស់ហ្វ្រេសញូ Fresh news ដែលដាក់ថ្ងៃ១៤ឧសភា២០២៣ ដើម្បីឲ្យជា ប៉ូចចុះហត្ថលេខា។ យោងតាមពង្រាងលិខិតនេះគេមានគោលបំណងវាយប្រហារលើអង្គភាព Fresh newsនិងរក្សាកិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៍នោះឡើយ។ តាមព័ត៌មានដែលយើងទទួលបានលិខិតនេះត្រូវបានព្រាងឡើងដោយលោកសេង ម៉ាឌីដែលខ្ញុំសុំលោកសេង ម៉ាឌីធ្វើការពន្យល់។
ខ្ញុំសុំមេធាវីរបស់ខ្ញុំត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណីទាំងករណីជា ប៉ូចទាំងករណីលិខិតបដិសេដ្ឋតែត្រូវរង់ចាំរហូតថ្ងៃ៣០ឧសភា២០២៣ដើម្បីជា ប៉ូចធ្វើការសម្រេចចិត្តនិងគណបក្សធ្វើការបកស្រាយអំពីលិខិត
បដិសេដ្ឋ។ សូមភ្ជាប់ជូនសំដីជា ប៉ូច លិខិតជា ប៉ូចនិងលិខិតបដិសេដ្ឋ ៕
អត្ថបទ៖ អក្ខរា