នៅថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរម្លឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ទិវាជាតិនៃការចង់ចាំ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋថែរក្សាការពារសន្តិភាព ដើម្បីកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកសារជាថ្មី ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងសង្គមជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
គួររម្លឹកថា កាលពីឆ្នាំ១៩៧៣ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃកំណើតសហករណ៍របស់ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តន៍រហូតពេលខ្លួនគ្រប់គ្រងអំណាចនៅកម្ពុជា ហើយគោលនយោបាយនេះ ធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវសោកនាដកម្ម រងទុក្ខខ្លោច ផ្សា និរាសព្រាត់ប្រាស និងធ្វើឲ្យកម្ពុជាលាក់ដល់ចំណុចសូន្យ។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលកំណត់យកថ្ងៃទី ២០ ខែឧសភា ជាថ្ងៃបុណ្យជាតិជាផ្លូវការ ក្រោមឈ្មោះថា «ទិវាជាតិនៃការចងចាំ» និងដាក់ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្ដល់ឱកាសឲ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន។ ការកំណត់យកថ្ងៃទី ២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» នេះ «គឺជាការសម្រាប់រំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ១៩៧៩»៕
អត្ថបទ៖ សីហា