សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។
ការថ្លែងបែបនេះឆ្លៀតក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លោក ទូ ហ្វី(DU Fei) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែង ការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ លោកទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយសជាគណៈអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។
លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕