Miss Grand Cambodia 2022 លំដាប់រងទី១ កញ្ញា ហង្ស សុរិយាន់ បានលាលែងតំណែងច្រើនខែមកហើយ បន្ទាប់ពីមានរឿងរ៉ាវមិនសប្បាយចិត្តកើតឡើងចំពោះនាងនិងក្រុមហ៊ុន ប៉ុន្តែមកទល់ពេលនេះរឿងរ៉ាវនៅមិនទាន់ចប់សព្វគ្រប់ទៀត រហូតត្រូវបានក្រុមហ៊ុន មហាហង្ស ប្រកាសក្តែងៗ សូមឱ្យអតីតបវរកញ្ញារូបនេះយកមកុដ និង ឆៀង មកប្រគល់ឱ្យក្រុមហ៊ុនវិញ ។ ចំណែក ហង្ស សុរិយាន់ វិញក៏ក្តៅចិត្តមិនស្ទើរដែរ ប៉ុន្តែនាងជ្រើសរើសវិធីស្ងប់ស្ងាត់ មិនតបត ។
ប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុន មហាហង្ស បានប្រកាសថា បវរកញ្ញា ៣ រូប បានលាលែងតំណែង Miss Grand Cambodia 2022 ច្រើនខែហើយ តែ ឆៀង មកុដ ពាន មិនទាន់យកមកប្រគល់អោយក្រុមហ៊ុនវិញទេ មិនថែមទាំងប៉ុណ្ណឹងទេ Miss Hang Soriyan នៅតែបន្តយកមកុដទៅពាក់ចូលរួមកម្មវិធីផ្សេងទៀតផង ។
ភ្លាមៗបន្ទាប់ពីឃើញសេចក្តីប្រកាសបែបនេះ កញ្ញា ហង្ស សុរិយាន់ មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ហើយនាងត្រៀមខ្លួនរួចជាស្រេចដើម្បីហែករឿងនេះឱ្យមហាជនដឹងលឺនូវរឿងរ៉ាវពិតយ៉ាងណា ។ គ្រាន់តែឃើញ ហង្ស សុរិយាន់ និយាយបែបនេះ អ្នកគាំទ្រជាច្រើនទន្ទឹងរងចាំមើលថា តើនឹងមានរឿងអ្វីកើតឡើងជាបន្តទៀត ។
ដោយឡែកនៅថ្ងៃនេះវិញ កញ្ញា ហង្ស សុរិយាន់ នៅតែមិនទាន់បញ្ចេញរឿងពិតនោះឱ្យមហាជនដឹងលឺនៅឡើយទេ ផ្ទុយទៅវិញនាងបែរជានិយាយថា នាងសូមរក្សាភាពស្ងប់ស្ងាត់ មិនតបត ដើម្បីរក្សាក្តីស្រឡាញ់ ការគំាទ្រ ភាពថ្លៃថ្នូរ និងកិត្តិយសរបស់នាងនិងគ្រួសារ ព្រមទាំងសង្គមជាតិ ។
ថ្វីដ្បិតតែកញ្ញា ហង្ស សុរិយាន់ បានប្រកាសលាលែងតំណែងបវរកញ្ញាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2022 ប៉ុន្តែនាងបានចូលរួមទៅធ្វើជាគ្រូបង្វឹកដើរម៉ូដដើម្បីបង្ហាត់បង្រៀន បេក្ខភាពចូលរួមប្រកួត Miss Grand ក្នុងឆ្នាំនេះ ។ ហង្ស សុរិយាន់ បានឱ្យដឹងថា ពេលេនេះនាងរវល់ការងារខ្លាំងណាស់ គ្មានពេលវេលាទៅតបតជាមួយនរណាម្នាក់ទេ សំខាន់នាងដឹងខ្លួនថា អ្វីដែលខ្លួនកំពុងធ្វើគឺមិនខុស តែបើចង់បន្តរឿងទៀត នាងរីករាយនឹងកំដរ ៕