ចិន រៀបចំកិច្ច​ប្រជុំធំជា​មួយ​បណ្ដាប្រទេស​​នៅ​អាស៊ីកណ្ដា​ល​ ខណៈ​អាមេរិក​ចូលរួម​កិច្ច​ប្រជុំ​ G7

កិច្ចប្រជុំកំពូលក្រុមមហាអំណាចទាំង ៧ G7 កំពុងប្រព្រឹត្តនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដែលមាន​រយៈពេល ៣ថ្ងៃ ខណៈការប្រជុំសារនេះ នឹងជជែកគ្នាពី​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការទប់ស្កាត់ការពង្រីកខ្លួនរបស់ចិន។

ជាមួយគ្នានោះ ប្រទេសចិន​ដែលមិន​ត្រូវបាន​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៅជប៉ុន ក៏បាន​បើកកិច្ច​ប្រជុំ​ធំ​មួយជាមួយ ៥ ប្រទេសនៅអាស៊ីកណ្ដាល​នាថ្ងៃទី ១៩ ឧសភានេះផងដែរ។ នេះបើតាមការចុះផ្សាយពី​ NYTimes។

ការជួបជុំចិន-អាស៊ីកណ្តាលដែលបើកកំពុងធ្វើទៅនេះ គឺជាផ្នែកមួយនៃគោលបំណងទូលំទូលាយរបស់ប្រទេសចិន ក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងនយោបាយជាមួយប្រទេសដែលមានគំនិតដូចគ្នា ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថា ជាសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ក៏ដូចជាកំពុងព្យាយាមទប់ស្កាត់ និងបង្ក្រាបប្រទេសចិន។

គួររំលឹកដែរថា ប្រទេសចិនបានស្វាគមន៍មេដឹកនាំនៃអតីតសាធារណរដ្ឋសូវៀតចំនួនប្រាំ គឺកាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ខណៈកិច្ចប្រជុំ​មួយនេះ​នឹងធ្វើឡើងរយៈពេល ២ថ្ងៃ៕