ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ស្ថានីយប្រព្រឹត្តិកម្មសាងសង់ឡើងក្នុងគោលដៅ លើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាន នៅក្នុងរាជធានីភ្នំពេញ ដោយមានសមត្ថភាពប្រែក្លាយភក់បង្គន់ ឱ្យទៅជាជីកសិកម្ម បាន៧០ម៉ែត្រគូបក្នុងមួយថ្ងៃ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញជំនឿជឿជាក់ថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងជួយគ្រប់គ្រងកាត់បន្ថយការរាយប៉ាយសំណល់ភក់បង្គន់ និងជួយលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម និងការពង្រីកទីក្រុង។
ជាមួយគ្នានេះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ( Arianna Ardesi ) លេខាធិការរងអចិន្ត្រៃយ៍សមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ក៏បានលើកឡើងដែរថា ក្រោយដាក់សម្ពោធអោយប្រើប្រាស់ស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ខាងសមាគមមិនបោះបង់ចោលនោះទេ គឺនឹងបញ្ជូនអ្នកបច្ចេកទេស មកជួយដល់ស្ថានីយនេះ សំដៅធ្វើយ៉ាងណាអោយការងារមួយនេះទទួលបានជោគជ័យ សម្រាប់សុខមាលភាពប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។ ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ មានបច្ចេកវិទ្យាធ្វើប្រព្រឹត្តកម្ម ភក់បង្គន់ ៧០ម៉ែត្រគូបក្នុងមួយថ្ងៃ មានថ្នាលផ្ទៃរាបស្មើហាលអោយស្ងួតយកជាតិទឹកចេញពីភក់ល្បាប់ ។
យោងតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ជាង ៣០ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត១៣ដង ៕
អត្ថបទ៖ សីហា