សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន។
បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល របៀបវារៈដែលត្រូវដាក់ឆ្លង ក្នុងកិច្ចប្រជុំពេញអង្គនោះរួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម, ២. សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ, ៣. របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ និង៤. បញ្ហាផ្សេងៗ។
ឯកឧត្តមបានបញ្ជាក់មុននេះបន្តិថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមពិភាក្សាលើរបៀបវារៈស្ដីពី «សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម»។
សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នេះមាន ១២ជំពូក និង១៨២មាត្រា។ គោលបំណងសំខាន់នៃសេចក្ដីព្រាងច្បាប់នេះគឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងពង្រឹង លើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រង ស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ៕
អត្ថបទ៖ អក្ខរា