កម្ពុជា បានប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។
ទង់ស៊ីហ្គេមនេះ ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រគល់ ទៅឲ្យឯកឧត្តម ប្រាវីដ វង្សសុវណ្ណ ប្រធានគណកម្មាធិការជាតិអូឡាំពិកថៃ នៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាបានធ្វើជាម្ចាស់ ដែលបានប្រារព្ធឡើង នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ស៊ីហ្គេម ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ គ្រោងរៀបចំនៅទីក្រុងនិងខេត្តចំនួន៣ រួមមាន ទីក្រុងBangkok ខេត្តChonburi និងខេត្តSongkhla ។ ហើយកាលបរិចេ្ឆទរៀបចំគឺចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
គួររម្លឹកថា កីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានកីឡាចំនួន៣៧ប្រភេទ បានដាក់ប្រកួតប្រជែងជាផ្លូវការចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះដោយឈរក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” បន្ទាប់ពីខកខានជាង៦០ឆ្នាំកន្លងមក។