ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាបានធ្វើជាម្ចាស់ បានប្រារព្ធឡើងយ៉ាងមហោឡារិក នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ មហាជនសរុបប្រមាណជាង ៦ម៉ឺននាក់។
ថ្លែងក្នុងពិធីបិទនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានេះ បានពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន។
សម្ដេចតេជោ បានមានប្រសាសន៍ថា “ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបានគង់វង្ស។”
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតនៅកម្ពុជា។ សម្តេចតេជោ ក៏សូមឧទ្ធិសសមិទ្ធផលសម្រេចបាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន។
គួរបញ្ជាក់ថា កីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានកីឡាចំនួន៣៧ប្រភេទ បានដាក់ប្រកួតប្រជែងជាផ្លូវការចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះដោយឈរក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” បន្ទាប់ពីខកខានជាង៦០ឆ្នាំកន្លងមក៕ អត្ថបទ៖ សីហា ,រូបភាព៖AKP