បច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ នៅក្នុងចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA)ក្នុងសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។
លោក ជូវ៉ាង ជូ តំណាង UNDESA បានលើកឡើងអំពីការរីកចម្រើននៃវិស័យឌីជីថលរបស់កម្ពុជា ដែលបច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ នៅក្នុងចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ជាពិសេស ទិន្នន័យគឺជាស្នូលនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងជាធនធានដ៏សំខាន់របស់រដ្ឋាភិបាល ហើយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តនិងការរៀបចំគោលនយោបាយ។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងពីបច្ច័យវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល និងបរិវត្តកម្មឌីជីថល ក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ឯឧត្តមបញ្ជាក់ថា វិស័យឌីជីថល ជាប្រភពនៃកំណើនថ្មីដើម្បីជំរុញសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែងកម្ពុជានៅក្នុងតំបន់និងពិភពលោក ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
រាជរដ្ឋាភិបាលបានដាក់ចេញ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាមួយចក្ខុវិស័យ “កសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនិងបរិត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី” និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងយុទ្ធសាស្រ្តនិងសកម្មភាពអាទិភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដោយកំណត់អាទិភាពក្នុងការរៀបចំគោលនយោបាយក្លោដអាទិភាព គោលនយោបាយទិន្នន័យបើកចំហ ច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល និងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលជាដើម៕
អត្ថបទ៖ អក្ខរា