នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បាននិយាយថា រដ្ឋាភិបាលរបស់លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងឥណ្ឌា បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន ពន្យារពេលដំណើរទស្សនកិច្ចទៅអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំចតុភាគី។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ប្រធានាធិបតី ចូ បៃដិន បានលុបចោលដំណើរទស្សនកិច្ច ដែលជាជើងទីពីរនៃដំណើរទស្សនៈកិច្ចអាស៊ីនាពេលខាងមុខរបស់គាត់ ដោយសារតែវិបត្តិសេដ្ឋកិច្ច ចំពោះបំណុលរបស់សហរដ្ឋអាមេរិក ហើយនឹងត្រូវត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ។
“ប្រធានាធិបតី និងខ្ញុំ បានព្រមព្រៀងគ្នាថា ពួកយើងនឹងធ្វើការរួមគ្នា ដើម្បីរៀបចំកាលវិភាគដំណើរទស្សនកិច្ចទៅអូស្ត្រាលី នៅរយៈពេលឆាប់ៗខាងមុខ”។ នេះបើតាមសម្ដីរបស់លោក Albanese បានអះអាង។
សូមជម្រាបដែរថា Albanese គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតី Biden នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុងស៊ីដនី នៅថ្ងៃទី ២៤ ខែឧសភា សម្រាប់កិច្ចប្រជុំចតុភាគីនៃសម្ព័ន្ធមិត្តទាំង ៤ នេះ៕