តំណាងហុងគ្រី និងសាធារណរដ្ឋឆែក បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនគួរឲ្យកត់សម្ពាល់ និងកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងធ្វើម្ចាស់ផ្ទះស៊ីហ្គេមដោយជោគជ័យផងដែរ។ ការកោតសរសើរពីសំណាក់ប្រទេសទាំងពីរធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីនៅថ្ងៃទី១៦ ខែឧសភា។
ក្នុងជំនួបនោះ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនគួរឲ្យកត់សម្ពាល់ និងជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រិត្តិការណ៍ប្រកូតកីឡាអាស៊ីអាគ្នេយ៍។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នាពេលឆាប់ៗខាងមុខ។
ចំណែកគណៈប្រតិភូសាធារណរដ្ឋឆែក ដឹកនាំដោយលោក Petr Gandalovič ប្រធាននាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ បានកត់សម្គាល់អំពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងរីកចម្រើនខ្លាំងបំផុតនៅ ក្នុងតំបន់។ លោក Petr Gandalovič ក៏បានអបអរសាទរ និងកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងធ្វើម្ចាស់ផ្ទះស៊ីហ្គេមដោយជោគជ័យផងដែរ។
ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ និងឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវវិស័យសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕
អត្ថបទ៖ អក្ខរា