ប្រធានាធិបតីអ៊ុយក្រែន កំពុងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ក្នុងគោលបំណងស្វែងរកជំនួយបន្ថែមលើបញ្ហាសង្គ្រាមជាមួយរុស្ស៊ី ទាំងផ្នែកហិរញ្ញវត្ថុ និងសព្វាវុធ។
ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបបានទាមទារឲ្យកូរ៉េខាងត្បូងផ្គត់ផ្គង់គ្រាប់រំសេវ និងសព្វាវុធផ្សេងៗទៅកាន់ប្រទេសអ៊ុយក្រែនដោយផ្ទាល់។ នេះបើតាមការចុះផ្សាយពី RT។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel និងប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen នឹងចូលរួមកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-កូរ៉េខាងត្បូង នៅថ្ងៃទី ២២ ឧសភា ដែលមានរំពឹងថានឹងស្នើឱ្យទីក្រុងសេអ៊ូលយល់ព្រមបញ្ជូនអាវុធ “នាពេលខាងមុខបន្ថែមទៀត” បើទោះជាបច្ចុប្បន្នកូរ៉េខាងត្បូងបដិសេធ ក្នុងការបញ្ជូនអាវុធដោយផ្ទាល់ក្ដី។
សូមជម្រាបដែរថា កូរ៉េខាងត្បូងបានជួយស្តុកគ្រាប់រំសេវដល់រដ្ឋជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែច្បាប់របស់ស្ដេចត្រាញ់អាស៊ីមួយនេះ មិនអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ទាំងនោះត្រូវបង្វែរទៅអ៊ុយក្រែនទេ៕