សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ចេញសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ។
ក្រោមស្នាព្រហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរកត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” អង្គប្រតិបត្តិច្បាប់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានបង្កើតឡើងដោយប្រសិទ្ធនាមថា “ នគរបាលជាតិ ” ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះមានអាយុកាល ៧៨ឆ្នាំហើយ។
ក្នុងសារលិខិតសម្តេចក្រឡាហោម ស ខេង មានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់នឹងបន្ត អភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋប្រកបដោយគុណធម៌ សីលធម៌ និងមានមនសិការវិជ្ជាជីវៈ លើកកម្ពស់សក្តានុពល និងកិត្តិយស សេចក្ដីថ្លៃថ្នូរ ឈរយ៉ាងរឹងមាំជាសសរស្ដម្ភ នៃសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់កាលៈទេសៈ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្តេចក្រឡាហោម សំណូមពរដល់កងកម្លាំងនគរបាលជាតិដែលមានតួនាទី ជាភ្នាក់ងារសន្តិសុខបោះឆ្នោត សូមយកចិត្តទុកដាក់ពង្រឹងស្មារតីទទួលខុសត្រូវ បំពេញបេសកកម្មរបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ដោយគោរពតាមច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវក្រមសីលធម៌ ព្រមទាំងរក្សាបាននូវអព្យាក្រឹតភាព ក្នុងនាមជាភ្នាក់ងារសន្តិសុខបោះឆ្នោត។
សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏សូមសំណូមពរឲ្យកងកម្លាំងនគរបាលជាតិបន្តធ្វើគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់ និងបង្កើនការប្រុងប្រយ័ត្នថែទាំសុខភាពផ្ទាល់ខ្លួន-គ្រួសារ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ “ ៣ការពារ ៣កុំ ”ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ អក្ខរា