សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមានក្តីសង្ឃឹមចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៏លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមាន រយៈពេល ៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ក្នុងព្រះរាជបំណងពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព
សង្គម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោ ហ៊ុន សែនឆ្លៀតយកឱកាសដ៏ប្រសើរថ្លៃថ្លានេះផ្ដាំផ្ញើការសាកសួរសុខទុក្ខ ប្រកបដោយសេចក្ដីស្រលាញ់រាប់អានដ៏ស្ម័គ្រស្មោះអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងនិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ប្ដូរផ្តាច់ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ និងការពារបានយ៉ាងរឹងមាំនូវ ខឿនសន្តិសុខជាតិ។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលពិតជាមានក្ដីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ហើយក៏សូមលើកទឹកចិត្តដល់ កងកម្លាំងគ្រប់ជំនាញគ្រប់ថ្នាក់ បន្តសកម្មភាព បង្កើតស្នាដៃ ប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើត នូវឱកាសដែលមានសក្តានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិដែលជាសសរស្ដម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍ ប្រទេសជាតិ ប្រកបដោយចីរភាព៕

អត្ថបទ៖ អក្ខរា