បេសកជនជាន់ខ្ពស់ចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចទៅប្រទេសអ៊ុយក្រែន រុស្ស៊ី និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបជាច្រើនទៀត ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ឧសភានេះតទៅ ជាមួយគោលបំណងពិភាក្សាអំពី “ដំណោះស្រាយនយោបាយ” ចំពោះវិបត្តិអ៊ុយក្រែន។
បើយោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Li Hui តំណាងពិសេសរបស់ចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅរុស្ស៊ី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ ក្រៅពីប្រទេសអ៊ុយក្រែន និងរុស្ស៊ី។
ដោយឡែក មានដំណឹងមកថា អ៊ុយក្រែនអាចជាកន្លែងចុះចតតំបូងសម្រាប់ដំណើរទស្សនកិច្ចច្រើនប្រទេសរបស់លោក Li ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិនមិនទាន់ចេញមុខបំភ្លឺលំអិតពីព័ត៌មានមួយនេះនៅឡើយ។
សូមជម្រាបថា លោក Li គឺជាមន្ត្រីចិនជាន់ខ្ពស់បំផុតដែលនឹងបំពេញទស្សនកិច្ចទៅអ៊ុយក្រែន តាំងពីផ្ទុះសង្គ្រាមកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដំណើរទស្សនកិច្ចមួយនេះកើតឡើងប៉ុន្មានសប្ដាហ៍ ក្រោយប្រធានាធិបតី ស៊ី ជិនពីង ជជែកគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ជាលើកដំបូងតាមរយៈទូរស័ព្ទ កាលពីចុងខែមេសាកន្លងទៅ៕