ឯកឧត្តម ឡុង ឌីម៉ង់ ត្រូវបានថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គ្រប់ជាន់ ថ្នាក់ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាប្រធានស.ស.យ.ក. ខេត្តព្រះសីហនុ ។ ពិធីប្រកាសសមាសភាពជាប្រធានស.ស.យ.ក. ខេត្តព្រះសីហនុ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក. និងសមាជិក សមាជិកា សរុបប្រមាណជាង១៥០ រូប។
ពិធីប្រកាសសមាសភាពនេះ ឯកឧត្តម ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស.ស.យ.ក. គ្រប់ជាន់ថ្នាក់ដែលបានផ្ដល់សេចក្ដីទុកចិត្តយ៉ាងមុតមាំប្រគល់តួនាទីភារកិច្ចដ៏មានសារៈសំខាន់ជូនរូបលោក ដើម្បីបន្តបំពេញបេសកកម្មឆ្ពោះទៅមុខក្នុងការដឹកនាំ គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍សមត្ថភាពយុវជន ឱ្យក្លាយជាយុវជនឈានមុខដ៏មានសក្ដានុពលរបស់ខេត្តព្រះសីហនុផ្ទាល់ និងសង្គមជាតិ។
ទន្ទឹមគ្នានេះ ឯកឧត្តម បានធ្វើការបេ្ដជ្ញាចិត្តបំពេញតួនាទី ពង្រឹងជំហរឹងមាំឥតងាករេ ក្នុងការបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មទោះក្នុងតម្លៃណាក៏ដោយ និងបន្តបុព្វហេតុការពារជាតិ និងរក្សាឱ្យបាននូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន ហើយចូលរួមជាមួយសង្គមជាតិ ក្នុងការស្ដារ កសាង និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា។
អត្ថបទ៖ សីហា