ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំង០៦ បាវិត, ភ្នំដិន,ត្រពាំងស្រែ, បន្ទាយចក្រី , ម៉ឺនជ័យ, អូរយ៉ាដាវ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បើកកិច្ចប្រជុំស្ដីពីការបូកសរុបការងារប្រចាំខែមេសា ឆ្នាំ២០២៣ និងលេីកទិសដៅខែបន្ទាប់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ខ្លឹមសាររួមក្នុងកិច្ចប្រជុំ បានជំរុញឱ្យមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្តទុកដាក់បំពេញការងារ និងគោរពវិន័យឱ្យកាន់តែប្រសើរ ជាពិសេសប្រកាន់ខ្ជាប់នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦, ផ្នែកបែបបទត្រូវណែនាំភ្ញៀវឱ្យគាត់បំពេញសាលកបត្រឱ្យបានពេញលេញ ជាពិសេសត្រូវយកចិត្តទុកដាក់លេីការចូល-ចេញរបស់គណៈប្រតិភូ និងភ្ញៀវ ដែលបានចូលរួមកីឡាស៊ីហ្គេម (SEA Game), ណែនាំឱ្យមន្ត្រីដែលបម្រើការងារក្នុងប៉ុស្តិ៍ ត្រូវកាត់សក់ឱ្យបានសមរម្យ និងស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវតាមវិន័យកងកម្លាំង, ត្រូវគោរពគំនាប់គ្នាទៅវិញទៅមកតាមឋានានុក្រម និងត្រូវគោរពពេលវេលាក្នុងពេលបំពេញការងារឱ្យបានល្អប្រសើរ, ត្រូវមានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ប៉ុន្តែម៉ឺងម៉ាត់ក្នុងការបំរើការងារជំនាញជូនភ្ញៀវជាតិ និងអន្តរជាតិ, សូមឱ្យផ្នែកសេនាធិការ និងផ្នែកបែបបទយកចិត្តទុកដាក់ និងសហការណ៍គ្នាឱ្យបានល្អចំពោះគណៈប្រតិភូដែលបានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍
បន្ថែមពីនេះ ពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ, ត្រូវបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ CBMS ឱ្យអស់ពីលទ្ធភាព , ត្រូវត្រួតពិនិត្យ និងស្គែនលិខិតឆ្លងដែនមុននឹងប្រថាប់ត្រាចូល-ចេញប្រទេសជូនភ្ញៀវ, ត្រូវធ្វើរបាយការណ៍បញ្ចូលទិន្ន័យភ្ញៀវចូល-ចេញឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។
ក្នុងកិច្ចប្រជុំក៏បានណែនាំដល់មន្រ្តីទាំងអស់ត្រូវតែចូលរួមរៀនភាសាបរទេស ជាពិសេសភាសាវៀតណាម, ពង្រឹងលើការត្រួតពិនិត្យទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការរត់ពន្ធមនុស្សឆ្លងដែន គ្រឿងញៀន ការធ្វើចរាចររូបិយវត្ថុក្លែងក្លាយ វត្ថុបុរាណ និងអាវុធខុសច្បាប់ជាដើម តាមបណ្តាគោលដៅស្របតាមខ្សែបន្ទាត់ព្រំដែនដែលប៉ុស្តិ៍គ្រប់គ្រង, បន្តសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធដែលឈរជើងក្នុងភូមិសាស្រ្តប្រតិបត្តិការរួមទាំងភាគីមិត្តវៀតណាមផងដែរ, រួមសាមគ្គីភាពឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជាកត្តាជោគជ័យក្នុងការសម្រេចភារកិច្ច, កងកម្លាំងត្រូវមានចរិក៣សំខាន់ គឺបូរណភាពទឹកដី ទំនាក់ទំនងការទូត និងសន្តិសុខជាតិ ព្រមទាំងបន្តថែរក្សាអនាម័យ រស់នៅស្អាត ហូបចុកស្អាត អនុវត្តតាមវិធានសុខាភិបាល និងហាត់កីឡា ដើម្បីសុខភាព៕
អត្ថបទ៖ អក្ខរា