គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់​ពាន់​នាក់ បន្ថែមទៀត ជាពលករកម្ពុជា និង​អ្នក​ប្រកប​របរ​ផ្សេង​ទៀត​នៅប្រទេសថៃ

សន្ទុះនៃការគាំទ្រ ពីពលករខ្មែរ និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ នៅថៃកាន់តែជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន និងបន្តចូលជាសមាជិកបក្សប្រជាជនរាប់ពាន់នាក់ថែមទៀត ហើយចំពោះមូលហេតុចំបងដែលនាំអោយ មានការ​គាំទ្រ ខ្លាំងបែបនេះគឺដោយសារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ជាមគ្គុ​ទ្ទេសក៍ដ៏ឆ្នើមក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព ភាពសុខដុមសម្រាប់ប្រជាជន​តំណាងសមាជិកបក្សរាប់ពាន់​នាក់នោះបានបង្ហាញការពេញចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមជីវភាពនយោបាយ និង​គាំទ្រ​​គណបក្សប្រជាជនកម្ពុជា ពិសេសគឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងអ្នកបន្តវេនពោរពេញដោយសមត្ថភាព​របស់គណបក្ស គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ការបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្រោម​អធិបតី ភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និង បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំព្រះ រាជាណាចក្រថៃឡង់ដ៍។

ពិធីនេះធ្វើឡើងនៅសណ្ឋាគារមួយនាទីក្រុងបាងកក ប្រទេសថៃ វេលាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយ​មាន​ការ​ចូល​​រួមពីថ្នាក់ដឹកនាំគណបក្សប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រចាំប្រទេសថៃទាំងមូល តំណាង​សមាជិក​នៅតាមសាខាបក្សខេត្ត អនុសាខាបក្សស្រុកមួយចំនួននៃប្រទេសថៃចំនួន២២៥នាក់ ដែលតំណាងឱ្យសមាជិក​បក្សក្នុង​មូល​ដ្ឋានរៀងៗខ្លួនរាប់ពាន់នាក់ទៀត។

សមាជិកបក្សប្រជាជនម្នាក់ លោក ឈុំ ឧត្តម បានលើកឡើងថា ពីមុនលោកធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និង​គណបក្សភ្លើងទៀន តែដោយសារគណបក្សទាំងនោះអសកម្ម មិនយកចិត្តទុកដាក់ចំពោះសមាជិក មិននៅខាង​សន្តិ​ភាព តែងតែមានរឿងអាស្រូវ មិនសមជាគណបក្សដឹកនាំប្រទេសឡើយ។

ដោយ​អស់ជំនឿជាមួយគណបក្សមុនៗនេះហើយ ទើបលោកនិងគ្រួសារសម្រេចចាកចេញ ហើយមកចូលរួមជីវភាព​នយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ គុណសម្បត្តិដែលលោកពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុ​ន សែន គឺតែងគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និងខិតខំអភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ចំពោះពួកគាត់ជាពលករនៅក្រៅប្រទេស។

លោក សន ចំរើន សមាជិកបក្សនៅខេត្តឆៈឈើងសៅដែរនោះ បានប្ដេជ្ញានឹងចូលរួមធ្វើសកម្មភាពដើម្បី​ជាប្រយោជន៍​ជូនគណបក្ស និងអំពាវនាវឱ្យមានការគាំទ្រគណបក្ស កសាងកម្លាំងគណបក្សនៅប្រទេសថៃបន្តទៀត ព្រោះមានតែ​​គណបក្ស​ប្រជាជនកម្ពុជាទេដែលជាក្ដីសង្ឃឹម ផ្ដល់ការជឿជាក់សម្រាប់ប្រជាជនបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីនោះ ឯកឧត្តម ហ៊ុន សារឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជា​ប្រចាំ​ព្រះ​​​រាជាណាចក្រថៃឡង់ដ៍ បានចាត់ទុកការបន្តចូលជាសមាជិកគណបក្សរបស់ពលករកម្ពុជានៅក្រៅប្រទេសនេះ គឺជាការ​ប្រមូលកម្លាំងប្រជាជាតិទាំងមូល ជាកម្លាំងដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្​តិភាព ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយដែលមានឯករាជ្យ សន្តិភាព សេរី​ភាព ប្រជាធិបតេយ្យ អព្យាក្រឹត វឌ្ឍនភាព និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានជម្រាបជូនអំពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា​ សម្រេចបានដេីម្បីបុព្វហេតុ​ជាតិ​ និងប្រជាជនគ្រប់កាលះទេសះ​ និងបានផ្ដាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវខិតខំប្រមូលកម្លាំង​សាមគ្គីចូលរួមជាមួយគណបក្ស បង្កើតកម្លាំងឯកភាពជាតិ ពិសេសត្រូវប្រព្រឹត្តអំពើល្អ សាមគ្គីភាព ឯកភាព ជួយ​គ្នា​ទៅវិញទៅមក ស្របតាមទិសស្លោក «រក្សាចាស់ បន្ថែមថ្មី»។

ឯកឧត្តមប្រធានមានការជឿជាក់លើសមាជិកបក្សនៅប្រទេសថៃ ដែលជាកម្លាំងយុវជនជំនាន់ក្រោយ ជាកម្លាំងគ្រប់គ្រង​ជោគវាសនាសម្រាប់គណបក្សប្រជាជន និងសមាជិកបក្សនៅក្រៅប្រទេសនេះ។

ឯកឧត្តមបានផ្ដាំផ្ញើទៀតថា នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាង​មុខ បើសមាជិកបក្សដែលនៅប្រទេសថៃណាមានឈ្មោះបោះឆ្នាត​ សូមទៅចូលរួមបោះឆ្នោត តែបើមិនបានទៅទេនោះ ក៏សូមបញ្ជូនសារជូនបងប្អូនសាច់ញាតិនៅក្នុងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា៕