ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានថ្វាយសម្តេចព្រះញាតិវង្ស និងព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត ភារៈធារី នៃបណ្តាប្រទេសប្រចាំនៅកម្ពុជាចំនួន២៨ប្រទេស, សម្តេច ថ្នាក់ដឹកនាំកំពូលជាតិ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការ នាយទាហាន នាយនគរបាល និងគណៈអភិបាល ក្រុមប្រឹក្សាខេត្ត ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៧០ យាងចូល ៧១ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោមនស្សរីករាយសូមលំឱនកាយលើកហត្ថប្រណម្យបង្គំអញ្ជលីសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីអស់វត្ថុសក្តិសិទ្ធក្នុងលោកទេវតាថែរក្សាព្រះមហាស្វេតឆ្ឆត្រគុណបុណ្យព្រះបារមីអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គជាពិសេសបារមីតេជានុភាព ព្រះវិញ្ញាណក្ខន្ធនៃព្រះករុណា ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមមេត្តាតាមជួយគ្រងអភិបាលថែរក្សាការពារនិងប្រោះព្រំនូវទឹកអម្រឹតប្រទានព្រះរាជសព្ទសាធុការពរបវរសួរស្តី សិរីវឌ្ឍនាជយាមង្គល វិបុលសុខមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រកម្ពុជាសូមព្រះអង្គព្រះប្រកបតែព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនព្រះរាជបញ្ញាញាណភ្លឺថ្លាដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់កូនចៅប្រជានុរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជាដរាបតរៀងទៅ៕
អត្ថបទ៖ អក្ខរា