សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានដល់គណបក្សភ្លេីងទៀន ដែលបំផុសឲ្យមានការប្រមូលផ្ដុំបង្កចលាចលក្នុងសង្គម។សម្តេចបានព្រមានដល់គណបក្សនេះ កុំបំផ្លាញសណ្ដាប់ធ្នាប់សង្គម និងធ្វេីឲ្យប៉ះពាល់ដល់ការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ បើដូច្នោះទេនឹងត្រូវទទួលលទ្ធផលទៅនឹងទង្វេីរបស់ខ្លួន ជាពិសេសគឺការអនុវត្តផ្លូវច្បាប់។
តាមរយៈសារបន្ទាន់មួយ នៅល្ងាចថ្ងៃទី១៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការជាបន្ទាន់ មិនឲ្យប្រមូលផ្តុំតវ៉ានោះឡើយ ដោយត្រូវចាប់ខ្លួនភ្លាមៗចំពោះមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ដោយមិនអនុញ្ញាតឲ្យមានការរំខាននៃការរៀបចំព្រឹត្តិការស៊ីហ្គេមនៅកម្ពុជានោះឡើយ។
សម្ដេចតេជោ ក៏ប្រាប់ឲ្យពន្ធនាគាររៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀន ប្រសិនបើគេហ៊ានប្រព្រឹត្តិបទល្មើសទាំងឡាយ សូមកុំញញើតជាមួយនឹងការប្រើប្រាស់នូវវិធានការច្បាប់ ដើម្បីឆ្លើយតបជាមួយនឹងទង្វើដ៏គ្រោះថ្នាក់របស់គណបក្សភ្លើងទៀន។
ទន្ទឹមនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លេីងទៀតទាំងអស់ ស្ងប់ស្ងាត់ និងកុំប្រព្រឹត្តទង្វេីណាមួយដែលខុសឆ្គងតាមគណបក្សភ្លេីងឲ្យសោះ៕
អត្ថបទ៖ អក្ខរា