សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ទោះបីប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន ប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅតែដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទើបនៅថ្ងៃនេះ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរៀបចំពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានាពេលនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានគណៈយុទ្ធមិត្ត បានថ្លែងថាការជួបជុំគ្នារំលឹកខួបលើកទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវត្ថុបំណង៖
- រំលឹកឡើងវិញនូវអនុស្សាវរីយ៍ទិវាបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ កម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលមានគោលដៅឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនគិតមកដល់ថ្ងៃ នេះ គឺ៤៥ឆ្នាំគត់។
- ដើម្បីថែរក្សាគោរពចងចាំគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក មគ្គុទេសក៍ ក្នុងការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា កងកម្លាំងនោះហើយដែលជាស្នូលនៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិនាពេលបច្ចុប្បន្ននេះ។
- ដើម្បីរំលឹកអនុស្សាវរីយ៍ មនោសញ្ចេតនាជំនាន់ដែលយើងទាំងអស់គ្នា ស៊ីអត់ស៊ីឃ្លាន ស្លាប់រស់កម្សត់កម្រ។ មកដល់ពេលនេះយុទ្ធមិត្តយើងជាច្រើននាក់ បានពលី មរណៈ របួស ពិការរីឯអ្នកដែលនៅមានជីវិតរស់នៅ ក៏មានវ័យចាស់ជរា ដែលមានអាយុលើសពី៦០ឆ្នាំ ឡើងទៅហើយ។ ចំណែកឯជីវភាពស្ថានភាពរស់នៅក៏មិនស្មើគ្នាអ្នកដែលមានជីវភាពធូរធារនោះមានចំនួនតិច ឯអ្នកកំពុងបន្តកាន់តួនាទីក៏មានមិនច្រើន យុទ្ធមិត្តភាគច្រើនបានចូលនិវត្តន៍ពិការ ដោយសារស្ថានភាពជីវភាពគ្រួសារ ជាពិសេសយុទ្ធមិត្តជានារី បានត្រឡប់ទៅរស់នៅជីវភាពជាជនស៊ីវិល និងមួយចំនួនធំទៀតត្រូវបានកាត់រំសាយ៧០% នៅឆ្នាំ១៩៩២ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
- ការជួបជុំគ្នាថ្ងៃនេះក៏ទុកជាគំរូល្អ ផ្តល់ឱកាសឱ្យកូនៗស្គាល់គ្នា គោរពការពារគ្នា ជាពិសេសបានយល់ដឹងច្បាស់លាស់ ពីគំរូស្នេហាជាតិ និងសច្ចធម៌នៃបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីជាតិ និងប្រជាជនកម្ពុជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
- ដើម្បីបំភ្លឺឱ្យសាធារណជនគ្រប់ស្រទាប់ជាន់ថ្នាក់ទាំងក្នុងនិងក្រៅប្រទេស យល់ដឹង បានត្រឹមត្រូវសំដៅទប់ស្កាត់ និងបំបាត់ចោលនូវវប្បធម៌ពួកនយោបាយជ្រុលនិយម៕