ព្រះរាជាណាចក្រកម្ពុជា បានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីររបស់អង្គការសហប្រជាជាតិ។ តំណែងសំខាន់ចំនួនពីរនោះរួមមានទី១ ជាសមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដាគណនេយ្យ និងរាយការណ៍អន្តរជាតិ និងទី២ ជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ ។
នៅក្នុងសម័យប្រជុំរបស់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរក្នុងស្ថាប័នចំណុះចំនួន១៤ នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែឧសភា បានបញ្ជាក់ថា សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដាគណនេយ្យ និងរាយការណ៍អន្តរជាតិ (ISAR) អាណត្តិ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ។ រីឯសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (UNAIDS PCB ) សម្រាប់អាណត្តិ២០២៣ -២០២៥ ដោយគិតចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេស បានចាត់ទុកថា ការជាប់ឆ្នោតជាសមាជិក ISAR និង UNAIDS PCB គឺបង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះកម្ពុជា និងការទទួលស្គាល់របស់សហគមន៍អន្តរជាតិនូវការកសាងជាតិឡើងវិញ និងការគ្រប់គ្រងការរាតត្បាតមេរោគអេដស៍ ប្រកបដោយជោគជ័យរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុង ការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។ នេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនដែលកម្ពុជា សម្រេចបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ។