តម្លៃស្រូវប្រាំងបន្តឡើងថ្លៃខ្ពស់ធ្វើឱ្យកសិករមានភាពស្ងប់ក្នុងចិត្តមិនរអ៊ូរទាំ

ស្របពេលរដូវកាលនៃការប្រមូលផលស្រូវប្រំាងខិតមកដល់ចុងរដូវ គេសង្កេតឃើញថាតម្លៃស្រូវប្រំាងប្រភេទស្រូវOMនិងស្រូវ85 របស់ប្រជាកសិករនៅភាគខាងកើតទីរួមខេត្តតាកែវ នៅតែបន្តឡើងថ្លៃខ្ពស់ ហើយបានធ្វើឱ្យកសិករធ្វើស្រែស្ថិតនៅក្នុងតំបន់កាន់តែមានភាពស្ងប់នៅក្នុងចិត្ត មិនរអ៊ូរទាំ ទោះបីទិន្នផលស្រូវឆ្នំានេះធ្លាក់ចុះតិចតួចក្តីក៏នៅតែសប្បាយចិត្ត និងបន្តចាប់ផ្តើមធ្វើស្រែពាក់កណ្តាលរដូវដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ។

យោងតាមឈ្មួញប្រមូលទិញស្រូវប្រំាង អ្នកស្រី ញ៉េប ថន នៅឃុំសំបួរ ស្រុកទ្រំាងខេត្តតាកែវបានឱ្យដឹងថា ចូលមកដល់ដើមខែឧសភានេះការប្រមូលផលស្រូវរបស់កសិករនៅឃុំសំបួរបានមកដល់ចុងរដូវឬជិតដល់ថ្ងៃបញ្ចប់នៃការប្រមូលផលស្រូវប្រំាងហើយ។

តម្លៃស្រូវប្រំាងនៅភូមិឃុំខាងលើបើគិតត្រឹមថ្ងៃទី៩ខែឧសភាឈ្មួញប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃ១០៦០រៀលក្នុងមួយគីឡូក្រាមហើយមកដល់ថ្ងៃទី១០ខែឧសភានេះអាចនៅរក្សាបានតម្លៃខ្ពស់ដដែលសម្រាប់ប្រជាកសិករក្នុងតំបន់។

បើយោងតាមឈ្មួញទិញស្រូវខាងលើ បានឱ្យដឹងថា ទន្ទឹមតម្លៃស្រូវប្រំាងឆ្នំានេះធ្វើឱ្យកសិករធ្វើស្រែគ្រប់គ្នាមានការសប្បាយចិត្ត ការទិញលក់គឺមានភាពងាយស្រួលហើយនៅឆ្នំានេះអ្នកស្រីប្រមូលទិញស្រូវប្រំាងបានប្រមាណប្រហែល៥០០តោនទៅឱ្យអ្នករកស៊ីនាំចេញស្រូវទៅប្រទេសវៀតណាម។

ពាក់ព័ន្ធនិងការផលិតស្រូវប្រំាងនេះដែរ បើតាម លោក ផ ដែលជាកសិកម្នាក់រស់នៅភូមិព្រៃភ្លង បានឱ្យដឹងថា ឆ្នំានេះលោកលក់ស្រូវប្រំាងសរុបបានប្រមាណ១២តោន ហើយកាលប្រមូលផលស្រូវនៅវគ្គទី១លក់បានថ្លៃ១០២៥រៀល និងវគ្គទី២បានថ្លៃ១០៤០រៀលក្នុងមួយគីឡូក្រាម។

បើតាមលោក ថន ទោះបីនៅឆ្នំានេះទិន្នផលស្រូវប្រំាងមានការធ្លាក់ចុះជាងឆ្នំាមុនប្រហែល២តោនក្តី ប៉ុន្តែទឹកប្រាក់ដែលបានមកពីការលក់ស្រូវប្រំាក្រៅពីកាត់ចំណាយហើយអស់លុយប្រហែល៧លានរៀល ពោលគឺប្រហែលកាលពីឆ្នំាមុន៕ អត្ថបទ៖សារេត