ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ។ ឯកឧត្តមមើលឃើញថា ទៅថ្ងៃមុខបាល់ទះនារី មិនខុសពីក្រុមបាល់ទះបុរសកម្ពុជា ដែលកំពុងរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលនោះទេ។
ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់ឯកឧត្តម ស សុខា លើទំព័រហ្វេសប៊ុករបស់ឯកឧត្តមនៅល្ងាចថ្ងៃទី១០ ខែឧសភានេះ៖
ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ!
ភ្នំពេញ ៖ ជាការកត់សម្គាល់ ខ្ញុំសង្កេតឃើញបងប្អូនដែលតាមដានការប្រកួតបាល់ទះនារី ជាពិសេស ពេលក្រុមបាល់ទះនារីកម្ពុជាឡើងប្រកួត ដោយបានលើកឡើងនូវមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន។ ខ្ញុំគិតថាមតិវិជ្ជមាន ជាការគាំទ្រ និងជំរុញលើកទឹកចិត្ត ប្រកបដោយការឈ្វេងយល់កីឡាល្អិតល្អន់។ ចំណែកឯ មតិអវិជ្ជមាន ខ្ញុំគិតថា បងប្អូនក៏គ្មានបំណងអាក្រក់ដែរ គ្រាន់តែថាមកពីបងប្អូនចង់ឃើញលទ្ធផលវិជ្ជមាន ច្រើនជាងអវិជ្ជមាន ក្រោយពីបងប្អូនបានឃើញក្រុមបាល់ទះបុរសកម្ពុជា ទទួលមេដាយប្រាក់ ក្នុងប្រវត្តិសាស្ត្ររាប់សិបឆ្នាំមកហើយមិនដែលមាន។
ក្នុងនាម ថ្នាក់ដឹកនាំមួយរូបនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមាន ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ជាប្រធាន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត ខ្ញុំសូមបើកចំហរ និងស្វាគមន៍រាល់មតិយោបល់របស់បងប្អូនទាំងអស់ ក្នុងន័យស្ថាបនា ដើម្បីបានជាធាតុចូលអភិវឌ្ឍក្រុមបាល់ទះនារីទៅថ្ងៃមុខ ។ តែទន្ទឹមនេះ ខ្ញុំក៏សូមឆ្លៀតឱកាសគូសបញ្ជាក់ខ្លះៗតាមការយល់ឃើញសម្រាប់ជាការពិចារណា ដូចខាងក្រោម៖
១.ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឬតាមគោលការណ៍កីឡាសឹងតែទូទៅ កាលណាមានផ្នែកបុរស ជាគូនឹងគ្នា គឺត្រូវមានផ្នែកនារី (បាល់ទះបុរស បាល់ទះនារី)។ ចំណុចនេះហើយ គឺជាមូលដ្ឋានដែលកម្ពុជាត្រូវបង្កើតបាល់ទះនារីឡើង និងដាក់វិញ្ញាសានេះចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបង្កលក្ខណៈដល់បណ្ដាប្រទេសអាស៊ានដែលមានក្រុមបាល់ទះនារី អាចបញ្ជូនអត្តពលិកចូលរួមប្រកួត ក្នុងស្មារតីធ្វើឱ្យកាន់តែផុលផុសក្នុងព្រឹត្តិការណ៍ ដែលអាចហៅថា «ពិពិធកម្មកីឡា»។ ពោលគឺ ពុំមែនមានន័យថា យើងដាក់វិញ្ញាសា ដើម្បីតែបំណងយកឈ្នះមួយមុខគត់ប៉ុណ្ណោះទេ គឺក្នុងជំហរថា «កីឡាលើសពីឈ្នះ!»។
២.និយាយអំពីសមត្ថភាពវិញ ខ្ញុំទទួលស្គាល់ថា ក្រុមបាល់ទះនារីកម្ពុជា ពិតជានៅមានកម្រិត។ ប៉ុន្តែ បើនិយាយអំពីអតីតភាពវិញ ក្រុមបាល់ទះនារីកម្ពុជា ទើបបង្កើតឡើងបានប្រមាណ៦ខែមុនស៊ីហ្គេមចាប់ផ្ដើម ដោយបានទៅសិក្សារៀនសូត្រនៅប្រទេសចិនមួយរយៈខ្លីប៉ុណ្ណោះ។ ពេលវេលានេះ ឃើញថា ខ្លីណាស់ទាំងសម្រាប់ហ្វឹកហាត់ និងការចូលសមរភូមិប្រកួតដកពិសោធន៍ ទាំងក្នុងស្រុក និងក្រៅស្រុក។ បើធៀបនឹងបាល់ទះបុរសកម្ពុជាវិញ ខុសគ្នាឆ្ងាយណាស់ គឺបានបង្កើតឡើងប្រមាណ១០ឆ្នាំមកហើយ ដោយមានពេលវេលាវែងក្នុងការហ្វឹកហាត់ មានឱកាសប្រឡូកក្នុងការប្រកួតទាំងក្នុងស្រុក និងក្រៅស្រុក ទាំងមិត្តភាព និងដណ្ដើមពាន ពិសេស បានឆ្លងកាត់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងៗទៅថែមទៀត។ ជារួម សឹងតែគ្រប់រឿង ពេលវេលាសំខាន់ណាស់! យើងពុំអាចប្រើពេលដ៏ខ្លី ធ្វើឱ្យប្រភេទកីឡាមួយបានល្អបានទេ។ និយាយឱ្យខ្លី យើងមិនអាចជប់ក្រុមបាល់ទះនារីកម្ពុជា ឱ្យក្លាយជាក្រុមល្អ ឈានទៅដល់កម្រិតអាជីព និងទទួលបានមេដាយភ្លាមៗបានទេ។ «ពេលវេលា ក៏ជាទុនវិនិយោគស្នូលមួយក្នុងចំណោមទុនវិនិយោគស្នូលផ្សេងទៀតក្នុងវិស័យកីឡា»។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះស្មារតីរបស់បងប្អូនទាំងអស់ ដែលគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ស្របពេលជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវបន្ថែមទៀតដល់បងប្អូនទាំងអស់គ្នា សូមបន្តបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ក្រុមកីឡា និយាយជារួម។ និយាយដោយឡែក សូមបន្តគាំទ្រ ជំរុញលើកទឹកចិត្តដល់ក្រុមបាល់ទះនារីកម្ពុជាដ៏ក្មេងខ្ចី គ្រប់រូបភាពនៃការផ្តល់កម្លាំងចិត្ត និងសម្ដែងទំនុកចិត្តលើពួកគេ ដើម្បីឱ្យពួកគេកាន់តែអង់អាច បញ្ចេញអស់ពីសមត្ថភាព។ ជាការពិតយើងមិនស្កប់ស្កល់នឹងអ្វីដែលយើងមានទេ តែយើងក៏ត្រូវរីករាយនូវអ្វីដែលយើងអាចបង្កើតឡើងបាន ឬអ្វីដែលយើងមានដែរ ដោយរួមគ្នាជាវិជ្ជមានគ្រប់រូបភាព ដើម្បីអភិវឌ្ឍបន្ត។ ថ្ងៃណាមួយ យើងនឹងឃើញនូវអ្វីដ៏អស្ចារ្យមួយ ខុសពីការគិតបច្ចុប្បន្ន។ ពោលគឺ មិនខុសពីក្រុមបាល់ទះបុរសកម្ពុជា ដែលដណ្ដើមមេដាយ«សំរឹទ្ធ»បានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរៀបចំដោយវៀតណាមកាលពីឆ្នាំកន្លងទៅ និងឆ្នាំ២០២៣នេះ យើងឈានទៅដណ្ដើមបានមេដាយ«ប្រាក់» គួរឱ្យភ្ញាក់ផ្អើលនោះទេ។ សូមប្អូនៗកីឡាការិនីបាល់ទះកម្ពុជា បន្តដំណើរទៅមុខដោយភាពជឿងជាក់និងស្មារតីសាមគ្គី!
១០ ឧសភា ២០២៣