ចិននឹងរក្សាទំនាក់ទំនងជាមួយគ្រប់ប្រទេស ដើម្បីពន្លឿនការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

កាលពីថ្ងៃទី ០៩ ឧសភា រដ្ឋមន្ត្រីការបរទេសចិន Qin Gang បាននិយាយថា ​រដ្ឋាភិបាលក្រុងប៉េកាំង នឹងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ ដែលមាន​បំណងចង់​បញ្ចប់​សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី CNA។

“ក្នុងនាមជាសមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្ហាញពី​ទំនួលខុសត្រូវ ចិននឹងមិនឱបដៃមើលការញុះញង់ ឬក៏ចាក់សាំងថែមលើភ្លើងដែល​កំពុង​ឆេះឡើយ”។ នេះបើតាមសម្ដីរបស់លោក Qin បាននិយាយ។

គួររំលឹកដែរថា បើទោះចិនប្រកាន់ជំហរមិនលូកដៃក្នុងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែ​ពួកគេ​ក៏មិន​ចូលរួម​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​សម្ព័ន្ធមិត្តត្បូងពេជ្រ​របស់ខ្លួនដែរ ដែលបណ្ដាលឲ្យ​សហភាពអឺរ៉ុប ព្យាយាម​ធ្វើទុក្ខបុកម្នេញ​ចិន​ដោយការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិនមួយចំនួន បន្ទាប់ពីចោទ​ពាក់ព័ន្ធនឹងសង្គ្រាមមួយនេះ។

សូមជម្រាបបន្ថែមថា បច្ចុប្បន្នលោក Qin កំពុងបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ បារាំង និងន័រវែស ក្រោមការអញ្ជើញពីរដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេសទាំង ៣នេះ ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ឧសភា៕