«ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង គឺជាឧបករណ៍ដ៏ពិសិដ្ឋ ជំនួយដល់ការសម្រេចចិត្តអោយបានត្រឹមត្រូវ និងរៀបចំគោលនយោបាយ ប្រកបដោយភាពជាក់ស្តែង ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ សម្បត្តិធម្មជាតិ និង ការរស់នៅដោយចីរភាព» នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់អោយដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពី លោកស្រី Allisar Chaker នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងស្ថានទូត នានាប្រចាំព្រះរាណាចក្រកម្ពុជា ដៃគូរអភិវឌ្ឍន៍ មន្ទីរបរិស្ថាន២៥រាជធានីខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលយ៉ាងច្រើនកុះករ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា គោលបំណងសំខាន់នៃការបង្កើត ប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង (CEMIS) គឺដើម្បីចែករំលែក រក្សាទុក គ្រប់គ្រង និងវិភាគទិន្នន័យ សំដៅជួយពង្រឹងដល់ការរៀបចំផែនការ ការសម្រេចចិត្ត ការតាមដាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅកម្ពុជា។ប្រព័ន្ធនេះនឹងគាំទ្រដល់ការអនុវត្តគោលនយោបាយ និងទស្សនៈវិស័យរបស់ក្រសួងបរិស្ថាន ក៏ដូចជា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគាំទ្រដល់គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងអាទិភាពការងាររបស់ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ក្នុងកិច្ចដំណើរការការពារ គ្រប់គ្រង ធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅ និង អភិវឌ្ឍដោយចីរភាព។
ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថា បានមានប្រសាសន៍ថា នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានទទួលនូវការគាំទ្រតាមរយៈ គម្រោង «និរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP) ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រួមជាមួយនឹង ការគាំទ្របច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានពង្រីកសក្តានុពល និងវិសាលភាពក្នុង ការគ្រប់គ្រងទិន្នន័យដោយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថានដែលហៅថា ប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង (CEMIS) គឺជាថ្នាលឌីជីថលគ្រប់គ្រង ទិន្នន័យផ្លូវការមួយរបស់ក្រសួងបរិស្ថាន មានវិសាលភាពអនុវត្តន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយ មាន ៤ ផ្នែកសំខាន់ៗគឺ៖
១) ផ្នែកទិន្នន័យ គឺថ្នាលឌីជីថល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាសរក្សាទុក ទាញយក ទិន្នន័យ ផ្សេងៗ មកធ្វើការវិភាគ និងផលិតផែនទីតាមតម្រូវការ។
២) ផ្នែកគាំទ្រសេចក្តីសម្រេចចិត្ត មានដូចជា GIS Zonation Model សម្រាប់គាំទ្រ និង ពន្លឿន ការកំណត់និងការបែងចែកតំបន់គ្រប់គ្រង ប្រព័ន្ធតាមដានធនធានព្រៃឈើ និង ភ្លើងឆេះ ព្រៃ និង ប្រព័ន្ធផ្សេងៗ។
៣) ការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការគ្រប់គ្រង ប្រើប្រាស់ ប្រមូល វិភាគ និងចែករំលែកទិន្នន័យ ក្នុងប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង
៤) ការចូលរួម និងកិច្ចសហប្រតិបត្តិរវាង ក្រសួង ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នអប់រំ និងស្រាវជ្រាវ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា៕