ជាដំណឹងដ៏រីករាយជូន កញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជាក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី ៣២ ដែលបានស៊ូទ្រាំរត់ក្រោមតំណក់ភ្លៀង បានបង្ហូរទឹកភ្នែកពេលរត់សំរេចដល់គោលដៅទីក្នុងចម្ងាយ ៥ ០០០ ម៉ែត្រ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកផ្តល់ការលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ រៀល។ រីឯ ឯកឧត្តម លី វ៉ាន់ហុង មន្រ្តីក្រសួងព័ត៌មានសូមចូលរួមជួយលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ (មួយលាន)រៀល។
ទន្ទឹមនេះ ជាការរួមចំណែកលើកទឹកចិត្ត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្តល់ថវិកា ២ ០០០ ០០០ (២ លាន) រៀល, ឯកឧត្តម នេត្រ ភក្រ្តារដ្ឋលេខាធិការ ក្រសួងបរិស្ថាន ផ្តល់ថវិកា ១ ០០០ ០០០ (១ លាន) រៀល និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ផ្តល់ថវិកា ១ ០០០ ០០០ (១លាន) រៀល ផ្តល់ដល់កីឡាការិនី ប៊ូ សំណាង ផងដែរ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៩ ខែឧសភានេះ។
តាមរយៈគណនីហ្វេសប៊ុកឯកឧត្តមបញ្ជាក់ថា ថវិកានេះនឹងប្រគល់ឲ្យកីឡាការិនី ប៊ូ សំណាង នៅកម្មវិធីជំនួបជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកស្អែកថ្ងៃពុធទី១០ ឧសភា ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន៕
អត្ថបទ៖ អក្ខរា