EU គ្រោង​ដាក់ទណ្ឌកម្ម​ ទៅលើ​ក្រុមហ៊ុន​ចិនចំនួន៧ បន្ថែម ដែល​ជាប់ពាក់ព័ន្ធជាមួយសង្គ្រាមរុស្ស៊ី


សហភាពអឺរ៉ុប (EU) កាលពីពេលថ្មីៗនេះ បានគាស់ប្រជុំ ដើម្បីស្នើសុំឱ្យមានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនចំនួន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធជាមួយនឹងការលក់សព្វាវុធ ដែលត្រូវបានប្រើប្រាស់ នៅក្នុងកងម្លាំងរុស្ស៊ី សម្រាប់សង្រ្គាមប្រឆំាងនឹងប្រទេសអ៊ុយក្រែន ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Financial Times បាននិយាយថា ក្រុមហ៊ុនអាជីវកម្មរបស់ចិនចំនួន ៧ ត្រូវបានចុះឈ្មោះទៅក្នុងបញ្ជីទណ្ឌកម្មថ្មី ដែលត្រូវលើកយកមកពិភាក្សាដោយរដ្ឋសមាជិកសហភាពអឺរ៉ុប នៅក្នុងសប្តាហ៍នេះ ។

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា នៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះ គេសង្កេតឃើញថាមានក្រុមហ៊ុនរបស់ចិន ចំនួនពីរ គឺ 3HC Semiconductors និង King-Pai Technology រួមជាមួយនឹងក្រុមហ៊ុនចំនួនប្រាំទៀត មកពីហុងកុងរួមមាន Sinno Electronics, Sigma Technology, Asia Pacific Links, Tordan Industry និង Alpha Trading Investments ដែលត្រូវបានចោទប្រកាន់ ។

គួរឱ្យដឹងថា មួយក្នុងចំណោមក្រុមហ៊ុនធំៗខាងលើ គឺ King-Pai Technology ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិករួចហើយ បន្ទាប់ពីរកឃើញថាពួកគេជាអ្នកផ្គត់ផ្គង់​សព្វាវុធ​ សម្រាប់អង្គភាពជាច្រើន នៅក្នុងបរិវេណឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៊ី។

សូមជម្រាបជូនផងដែរថា ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមបើកការលុកលុយទៅលើអ៊ុយក្រែន កាលពី ១៤ ខែមុន នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅវាថាជា ប្រតិបត្តិការយោធាពិសេស មក បានធ្វើឱ្យសហភាពអឺរ៉ុប ចាប់ផ្តើមអនុម័តទណ្ឌកម្មធំៗចំនួន​១០ ប្រឆាំងទៅនឹងបុគ្គល និងក្រុមហ៊ុនរុស្ស៊ី ជាមួយនឹងការដាក់សម្ពាធទៅលើផ្នែកសេដ្ឋកិច្ច និងការរាំងខ្ទប់ទៅលើការផ្តល់ហិរញ្ញប្បទានសង្គ្រាមទៅកាន់ប្រទេសមួយនេះ ៕