អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Liz Truss នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នាសប្ដាហ៍ក្រោយ និងជួបជជែកជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ខណៈលោកស្រីនឹងនិយាយពីលទ្ធិប្រជាធិបតេយ្យលោកខាងលិច ដើម្បីពង្រឹងជំហររបស់ពួកគេចំពោះប្រទេសចិន។ នេះបើតាមការចុះផ្សាយពី CNA។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស កាន់អំណាចបានមួយភ្លែតរូបនេះបាននិយាយថា៖ “តៃវ៉ាន់ជាសញ្ញានៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំទន្ទឹងរង់ចាំការបង្ហាញសាមគ្គីភាពជាមួយប្រជាជនតៃវ៉ាន់ដោយផ្ទាល់ ចំពោះមុខអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើង និងវោហាសាស្ត្រពីរបបនៅទីក្រុងប៉េកាំង”។
គួររំលឹកដែរថា លោកស្រី Liz កាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស រយៈពេលខ្លីបំផុតប្រចាំប្រវត្តិសាស្ត្រ ពោលកាន់អំណាចមិនបាន ២ខែផង ក៏ប្រកាសលាលែងពីតំណែង បន្ទាប់ពីគោលនយោបាយរបស់អ្នកស្រី ទទួលរងការរិះគន់ខ្លាំងពេក។
តាំងពីពេលនោះ លោកស្រីតែងតែនិយាយជាញយដងនៅជប៉ុន និងអាមេរិកអំពីការប្រកាន់ជំហរ ប្រឆាំងជាមួយចិន ហើយអ្នកនយោបាយម្នាក់នេះក៏នឹងលើកបញ្ហាដដែលមកជជែកម្ដងទៀត អំឡុងពេលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ នាថ្ងៃទី ១៧ ឧសភាខាងមុខ៕