ការសម្តែងរបស់នាយ ពែកមី ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ ពិតជាទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ដោយលោកបានលើកយករឿងកំប្លែងខ្លីមួយប្រកបដោយការអប់រំយកមកសម្តែងចែកជូនបងប្អូនទស្សនា ។
បន្ទាប់ពីសម្តែងនៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម នាយ ពែក មី បានរៀបរាប់ថា ការសម្តែងរបស់លោកនិងក្រុមការងារពិតជាទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយការសម្តែងនេះគឺមាន តួអង្គយក្ស ជាតួអង្គដែលទើស ចំណែកនាយ ក្រាញ់ គឺជាតួអង្គទេវតា ដើម្បីសំរាយសាច់រឿង ចំណែកលោកផ្ទាល់គឺជាតួអង្គ សន្តិសុខ ។
នាយ ពែក មី បន្តថា ការសម្តែងកំប្លែងក្នុងរឿងនេះគឺមិនសំដៅទៅលើបុគ្គល ឬ អ្នកជិតខាងណាមួយ ឬនិន្នាការនយោបាយណាទេ បុគ្គលណាក៏ដោយខ្មែរណាក៏ដោយ ពេលនេះមិនមែនជាពេលដែលផុសបង្អាប់ប្រទេសយើងទេ ពេលនេះប្រទេសយើងកំពុងតែបង្ហាញពិភពលោកឃើញថា ប្រទេសយើងអស្ចារ្យ ។
តួអង្គសម្តែងនៅក្នុងរឿងកំប្លែងខ្លីរបស់នាយ ពែក មី កាលពីថ្ងៃបើកព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី ៣២ នោះ រួមមាននាយ គ្រឿន នាយ ក្រាញ់ វ៉ាន់នីឡា និងតារាមួយចំនួនទៀត តាមរយៈរឿងកំប្លែងខ្លីនេះ ទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះក្នុងក្រុមតារាកំប្លែងនាយ ពែក មី កាន់តែល្បីល្បាញថែមមួយកម្រិតទៀត ៕