ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែឧសភាម្សិលមិញ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ និងការអរគុណជូនចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ ជាពិសេសក្នុងអំទ្បុងពេលដែលរាជធានីភ្នំពេញរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលនេះគឺជាការផ្សារភ្ជាប់យ៉ាងជាក់ស្តែងមួយរវាងប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើប្រជាជន។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សរាជធានី និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានដំណើរការកម្មវិធីបើកដោយជោគជ័យ និងកំពុងបន្តដំណើរការទៅមុខដោយរលូន តាមការគ្រោងទុក។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានធ្វើការផ្តាំផ្ញើរ និងសំណូមពរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវ ដើម្បីស័ក្តិសមទៅនឹងជំនឿទុកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា សំដៅធានាការពារសន្តិភាព ស្ថិរភាព សុភមង្គល និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ដែលកត្តាទាំងអស់នេះ គឺជាភាពរឹងមាំរបស់គណបក្សយើងតាំងពីដើមរៀងមក៕