នាយករដ្ឋមន្ត្រីថៃ ធ្វើដំណើរមកដល់កម្ពុជា ដើម្បីផ្តើមបំពេញទស្សនកិច្ចផ្លូវការ

នាវេលាប្រមាណម៉ោងជាង៩ព្រឹក ថ្ងៃទី២៣ ខែមេសា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រថៃ និង ស្វាមី បានអញ្ជើញមកកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វត្តមានរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ បានទទួលស្វាគមន៍ដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្ត្រីអ្នកមុខអ្នកការកម្ពុជា ជាច្រើននាក់ ។

សម្រាប់ដំណើរទស្សនកិច្ចនៅថ្ងៃដំបូងនេះ លោកជំទាវនាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបជាមួយ សម្តេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។

ដោយឡែកនៅថ្ងៃទី២៤ មេសា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា និងថៃ ប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ៕

អត្ថបទ​៖ ពុទ្ធិកា