អ្នកជំនួញខ្មែរជួរមុខ ពួតដៃគ្នា​បង្កើត​មន្ទីរពេទ្យ​ស្តង់ដា​នៅក្នុងប្រទេស​ ដោយ​​គ្រោង​ចា​យ​​ទុន​​ជាង ៣០០លាន​ដុល្លារ

ធ្លាប់តែឃើញកិច្ចសហប្រតិបត្តិការក្នុងនៅលើវិស័យសក្តានុពល ដូចជា អចលនទ្រព្យ ធនាគារ និង ទេសចរណ៍ជាដើម ប៉ុន្តែនាពេលនេះ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា លំដាប់ជួរមុខនៅកម្ពុជា បានពួតដៃគ្នាបង្កើតមន្ទីរពេទ្យទំនើបដ៏ធំកម្រិតស្តង់ដាពិភពលោកមួយ នៅក្នុងប្រទេស ដោយគ្រោងចំណាយទុនប្រមាណជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក។

ពិធីចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៃគម្រោងបង្កើតមន្ទីរពេទ្យកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានបង្ហាញថា ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងសាងសង់មន្ទីរ​ពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ចំនួន២៣%។ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ចំនួន២៣%។ អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា ហៀង ប៊ុនប៉ង សហស្ថាបនិក និងជាអនុប្រធាន ក្រុមហ៊ុន ប៉េង ហួត គ្រុប ចំនួន២៣%។ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ចំនួន១០%។ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមេគង្គ លែន ឌីវេឡុបម៉ិន ឯ.កចំនួន ៦%។ អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ចំនួន ៥%។អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរីអង្គរ ផាលេស ចំនួន៥%។ និងឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទីតឡូសិន ខូ អិលធីឌី ចំនួន៥%។

គោលបំណងនៃការផ្តួចផ្តើចគម្រោងសុខាភិបាលនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។

ជាមួយនឹងចក្ខុវិស័យរួម ក្នុងការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ គ្រប់ដៃគូភាគហ៊ុនមានគោលដៅ ច្បាស់លាស់ក្នុងការនាំយកនូវគ្រឿងបរិក្ខារដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ចម្រាញ់យកវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ និងទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ ជាមួយស្មារតី យកចិត្តទុកដាក់ខ្ពស់ ផ្តោតសំខាន់លើការថែទាំអ្នកជំងឺ។

មន្ទីរពេទ្យនេះ មិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយនោះទេ វាជាសញ្ញាណ ទំនុកចិត្តលើអនាគតនៃកម្ពុជា ជាអនាគតមួយដែលការថែទាំសុខភាពមានភាពសម្បូរបែប មានគុណភាព និងឯកទេសខ្ពស់ ស្ថិតនៅក្នុងស្រុកតែម្តង។

មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។ ចំណុចផ្ដោតដ៏សំខាន់នៃគម្រោងនេះ គឺការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុក តាមរយៈការបន្តហ្វឹកហាត់បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិ។ ការបោះទុនសហការរួមគ្នានេះ គូសបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ដៃគូសហការទាំងអស់ ក្នុងការរួម ចំណែកចូលរួមដ៏ប្រពៃនេះ ដើម្បីការអភិវឌ្ឍរបស់ជាតិ លើកកម្ពស់ជីវភាព និងសុខុមាលភាពនៃប្រជាជន កម្ពុជាទូទាំងប្រទេស។

ការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរវឌ្ឍនភាពនៃការទទួលបាននូវសេវា ថែទាំសុខភាពដល់ប្រជាជនកម្ពុជា។ ការវិនិយោគនេះនឹងរំពឹងទុកនូវទុនចំនួន៣០០លានដុល្លារ។ ​កិច្ចសហការនេះត្រូវបានគេចាត់ថា ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលមហាសេដ្ឋីទាំងនេះបានចាប់ដៃរួមគ្នា បង្កើតមន្ទីរពេទ្យមួយបម្រើឲ្យវិស័យសុខាភិបាលលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាល នៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា៕