លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ត្រា កើតនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៨៦ ក្នុងត្រកូលថាក់ស៊ីន ដែលមានឥទ្ធិពលនយោបាយ ជាមហាសេដ្ឋី និងមានជំនាញសេដ្ឋកិច្ចដ៏ខ្លាំងបំផុតមួយ នៅប្រទេសថៃ។
លោកជំទាវ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៃប្រទេសថៃនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីសភាបោះឆ្នោតយល់ព្រម និងទទួលបានសេចក្ដីអនុម័តពីព្រះមហាក្សត្រ។ លោកជំទាវ បានស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤។
ដោយឡែក នៅក្នុងការបោះឆ្នោតជាតិនោះដែរ លោកជំទាវ ក៏បានឡើងកាន់តំណែងជាថ្នាក់ដឹកនាំគណបក្ស Pheu Thai នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣។
បើនិយាយអំពីការសិក្សាវិញ នាយករដ្ឋមន្រ្តីថៃវ័យដ៏ក្មេងរូបនេះ ធ្លាប់សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ នៅសាកលវិទ្យាល័យ Chulalongkorn និងបន្តថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ក្នុងវិស័យគ្រប់គ្រងអាហារូបត្ថម្ភ និងសណ្ឋាគារ (Hospitality Management) នៅសាកលវិទ្យាល័យ University of Surrey ប្រទេសអង់គ្លេស។
ក្នុងឆ្នាំ ២០២២ លោកជំទាវនាយករដ្ឋមន្រ្តី បានចូលរួមក្នុងសកម្មភាពនយោបាយជាច្រើន ដូចជា ការធ្វើសុន្ទរកថា ប្រជុំជាមួយសហគមន៍ និងផ្សព្វផ្សាយគំនិតអភិវឌ្ឍប្រទេស នៅតាមខេត្តនានា ដើម្បីសេដ្ឋកិច្ចជាតិ និងដោះបញ្ហាសង្គមជាចម្បង ដែលគេដឹងថា នាងដើរតាមគន្លងឪពុករបស់ខ្លួន គឺលោកថាក់ស៊ីន។ នាងជាតួអង្គដ៏សំខាន់បំផុតមួយទៀត ដែលធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីផ្តល់សេចក្តីទុកចិត្តពីពលរដ្ឋខ្លួន និងបើកផ្លូវឱ្យលោកថាក់ស៊ីន បានវិលចូលប្រទេសថៃវិញ។
នាយករដ្ឋមន្រ្តីថៃរូបនេះ ធ្លាប់បញ្ជាក់ថា បេសកកម្មនយោបាយរបស់នាង គឺបន្តការងារពីឪពុក ដើម្បីជួយជាតិ និងកែលម្អជីវភាពប្រជាជនថៃ ជាពិសេសយុវជន។
ក្រៅពីតួនាទីនយោបាយ លោកជំទាវ ក៏ជាជនជាតិថៃស្រីវ័យក្មេងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មាន និងប្រជាជនទូទៅ ដោយសារការចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាជាតិ និងកិច្ចការពាក់ព័ន្ធនឹងយុវជន។
សូមជំរាបថា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ត្រា នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ៕
