នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿងចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម

នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ។

បើតាមទំព័រហេ្វកបុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបបានចូលរួមពិធីស្វាគមន៍នាវាចំនួនពីរគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន គឺនាវា “Bungo” និងនាវា Etazima” ខណៈពេលចូលចតនៅមូលដ្ឋានសមុទ្ររាម។

ការបញ្ជូននាវាទាំងពីរគ្រឿងមកចូលចតនេះ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន រួមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិ។

នាវាទាំងពីរគ្រឿងនេះ នឹងចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាមរយៈពេល០៤ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជា​ណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

សូមរំលឹកថា នាវារបស់កងស្វ័យការពារជើងទឹកជប៉ុន គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជំហានទី១ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕