ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្នុងនាមជាកូនដែលមានឪពុកជាជនមានពិការភាព ឯកឧត្តមពិតជាយល់ពីអារម្មណ៍មួយនេះ។ ហើយតាមរយៈការសង្កេតទៅលើទស្សនៈ និងការប្តេជ្ញាចិត្តរបស់លោកពុក ដែលក្នុងនោះ ពិការភាពរបស់គាត់មិនមែនជាឧបសគ្គសម្រាប់លោកពុកក្នុងការដុសខាត់ ពង្រឹងសមត្ថភាពខ្លួនរហូតអាចក្លាយខ្លួនជាអ្នកដឹកនាំ ដែលបានកសាងសមិទ្ធផលចជាច្រើនជូនជាតិមាតុភូមិ និងប្រជាជន ឯកឧត្ដម ជឿជាក់ថាបងប្អូនដែលមានពិការភាព អាចយកគំរូវីរភាពនេះសម្រាប់ជាប្រទីបបំភ្លឺផ្លូវឆ្ពោះទៅឈោងចាប់អនាគតភ្លឺស្វាងរបស់ខ្លួន។

ការលើកឡើងរបស់ឯកឧត្តម បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយសមាជិកសមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក នៅភោជនីយដ្ឋាន សេវេនប្រាយ ឃីង ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បន្ទាប់ពីបញ្ចប់ការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងបេសកកម្មទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបានមកទទួលទានអាហារសាមគ្គីជាមួយបងប្អូនសមាជិក សមាជិកា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ដែលជាកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ពួកយើង។ ពិធីនេះគឺជាឱកាសបានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនទាំងអស់ និងក៏ជាឱកាសអបអរសាទរពិធីវុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរដល់សមាគម ជាពិសេស ឯកឧត្តម សែម សំណាង និងលោក ហឿន ស៊ីណា ដែលជាអគ្គនាយក និងស្ថាបនិកសមាគមដែលបានខិតខំកសាងសមាគម វិទ្យុ និង ទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ឱ្យក្លាយជាមជ្ឈមណ្ឌលឱកាសសម្រាប់បងប្អូនមានពិការភាព និងបានបន្តរីកលូតលាស់គួរជាទីមោទនៈ។ ជាមួយគ្នានេះដែរ ក្នុងឱកាសជួបជុំនេះ ក្រុមការងារក៏បានធ្វើការបញ្ជាក់ឡើងវិញជូនសមាគមថា យើងនឹងនៅបន្តតាមដានជាប់ជាប្រចាំ និងព្យាយាមដោះស្រាយសំណូមពរ និងតម្រូវការឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា សមាគមនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១០ តាមរយៈកម្មវិធីមួយដែលធ្វើការផ្សព្វផ្សាយនៅវិទ្យុដំបងគ្រញូងក្រុងបាត់ដំបង ដែលកម្មវិធីនោះមានឈ្មោះថា សំឡេងជនពិការភ្នែក ក្នុងគោល បំណងស្វែងរកជំនួយសប្បុរសធម៌ ដើម្បីបង្កើតសមាគម និងវិទ្យុសំឡេងជនពិការភ្នែក។ សមាគម និងវិទ្យុ សំឡេងជនពិការភ្នែក គឺជាស្ថាប័នតែមួយគត់ ដែលមានភាគរយនៃជនមានពិការភាព បានចូលបម្រើការងារនៅ ក្នុងស្ថាប័ននេះ ច្រើនជាងគេក្នុងប្រទេសកម្ពុជា។
ដោយមានការយកចិត្តទុកដាក់ ពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្តល់ជូនអាហាររូបករណ៍មួយរយភាគរយ តាំង ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពល់ មកដល់បុគ្គលិក សមាគម វិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក បន្ថែមជាងនេះទៅទៀត ដោយគុណដ៏មានតម្លៃកាត់ថ្លៃពុំបាននោះគឺ សម្តេចអគ្គមហា សេនាបតី ហ៊ុន សែន បានផ្តល់ក្របខ័ណ្ឌពិសេសជាមន្ត្រីរាជការ ចំនួន ៥ជំនាន់ផងដែរ។

