ប្រធានាធិបតីចិន រំភើបចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ចេញពីបេះដូងពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវក្តីរីករាយនៅពេលដែលឯកឧត្តមបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ឯកឧត្តមបានសម្ដែងនៅក្តីរីករាយ ជាពិសេសរំភើបចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាចំពោះវត្តមានឯកឧត្តមនៅកម្ពុជានៅពេលនេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលដែលឯកឧត្តមធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅតាមផ្លូវឯកឧត្តមបានឃើញនូវការស្វាគមន៍របស់ប្រជាពលរដ្ឋកម្ពុជា ហើយឯកឧត្តមបានសម្លឹងពីរថយន្តរបស់ឯកឧត្តម មើលទៅលើទឹកមុខរបស់ប្រជាជនដែលពោរពេញទៅដោយស្នាមញញឹម ភាពរីករាយស្វាគមន៍ឯកឧត្តម ដោយចេញពីបេះដូង ឯកឧត្តមពិតជារំភើប ហើយការស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានៅពេលនេះ បង្ហាញអំពីមិត្តភាពដ៏រឹងមាំ មិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលនឹងធ្វើឱ្យមិត្តភាពនេះកាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា កម្ពុជាបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចស្វាគមយ៉ាងពិសេស កក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ ថ្ងៃ (១៧-១៨ ខែមេសា ឆ្នាំ២០២៥) នៅកម្ពុជា។

ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មានរៀបចំជាក្បួនត្រែទ័ព ហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តម ក៏មានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឈរអមសងខាងផ្លូវប្រមាណ៣ម៉ឺននាក់ផងដែរ៕