ចិនសរសើរកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន ដដែលបានបញ្ជាក់ថា ចិន ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំផងដែរ។

នៅលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនេះ ចិន និងកម្ពុជា ក៏បានឯកភាព ពង្រឹងយន្តការកិច្ចសហ​ប្រតិ​បត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរ ទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការ ហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម ៕

អត្ថបទ៖ ពុទ្ធិកា