កម្ពុជានិងចិន ឯកភាពគ្នាកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន

ប្រទេសកម្ពុជា​និងប្រទេសចិន បានឯកភាពគ្នាកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជា​ពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ ការឯកភាពនេះ បានស្តែងឡើងនៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជុំវិញដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១៧ មេសា បានបញ្ជាក់ថា កម្ពុជា និងចិន ក៏នឹងរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សុវត្ថិភាពទេសចរណ៍។

កម្ពុជា និងចិន នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។ លើសពីនេះ គឺនឹងបង្កើតយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការ យុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន។

គួរបញ្ជាក់ថា កម្ពុជានៅឆ្នាំ២០២៤ កន្លងទៅនេះ គឺទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនលើសឆ្នាំ២០២៣ ចំនួន ២២.៩%។ ក្នុងចំណោមនោះ កម្ពុជា​ទទួលបានភ្ញៀវទេសចរចិន ចំនួនជាង ៨៤ម៉ឺននាក់ កើនឡើង ៥៥% ធៀបនឹងឆ្នាំ២០២៣។ ក្រសួងទេសចណ៍កម្ពុជា បានរំពឹងថាភ្ញៀវទេសចរចិននឹងមានការកើនឡើង ក្នុងរង្វង់ ១,១លាន នៅឆ្នាំ២០២៥នេះ៕

អត្ថបទ៖ ពុទ្ធិកា