ឯកឧត្តម ស៊ី ជីនពីង ប្តេជ្ញាគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ និងជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើនមកកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តម ស៊ី ជីនពីង បានប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ។

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តម ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

ក្នុងជំនួបនេះដែរ សម្តេចបវរធិបតី និងឯកឧត្តម ស៊ី ជីនពីង បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត៕

អត្ថបទ៖ ពុទ្ធិកា