បំបែកកំណត់ត្រាឆ្នាំមុន! សង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ មានអ្នកមកលេងកម្សាន្តប្រមាណជាង ២លា​ន៧សែននាក់

រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺនៅថ្ងៃទី១៤ ,១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ សង្ក្រាន្តវត្តភ្នំ និងតំបន់ផ្លូវថ្មើរជើង (Walk Street) នៅភ្នំពេញ មានអ្នកមកលេងកម្សាន្តប្រមាណជាង២លា​ន ៧សែននាក់ ហើយចំនួននេះមិនរាប់បញ្ជូនសង្ក្រាន្តតាមខណ្ឌទាំង១៤ ,តាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ មេសា ២០២៥។

លោកស្រី បានបន្តថា នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា មានភ្ញៀវជាតិនិងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រាន្តវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ មានប្រមាណ៤៨ម៉ឺននាក់, នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា មានចំនួន៨០ម៉ឺននាក់ និងនៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា មានចំនួន១លាន៥សែននាក់។

ទន្ទឹមនឹងនេះ លោកស្រី បានបន្ថែមថា ចំពោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ គឺមានភាពល្អប្រសើរ មិនមានហេតុការណ៍កើតឡើងគួរឲ្យកត់សម្គាល់នោះទេ ខណៈដែលកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ការពារសន្តិសុខ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតនៅ​ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ អមដោយល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន។

សង្ក្រាន្តវត្តភ្នំមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និង កម្សាន្តសប្បាយ នៅក្នុងសង្ក្រាន្តវត្តភ្នំឆ្នាំនេះឲ្យបានច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយខ្មែរ រួមមាន ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ជាដើម ។

កាលពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ រយៈពេល៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរមកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន ៣សែននាក់ ៕

អត្ថបទ៖ ពុទ្ធិកា