ជារៀងរាល់ឆ្នាំតារាចម្រៀងរដឺន អឿន ស្រីមុំ តែងតែហោះហើរចេញទៅក្រៅប្រទេស ចូលរួមការសម្តែងនានាទៅតាមការអញ្ជើញរបស់បងប្អូនសហគមន៍ខ្មែរ ជាក់ស្តែងសម្រាប់ឆ្នាំថ្មីនេះនាងបានត្រៀមហោះហើរទៅប្រទេស បារាំង រយៈពេល៣ខែដើម្បីកើបលុយនៅទីនោះ ។

តារាចម្រៀងរដឺនវ័យ ៤៧ឆ្នាំ អឿន ស្រីមុំ នៅតែមានទីផ្សារការងារសិល្បៈ មិនចាញ់ក្មេងៗឡើយ ភាគច្រើននាងលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីតាមខេត្ត និងពិធីជប់លៀង និងមង្គលការជាដើម…។ ជួបជាមួយតារាចម្រៀងរដឺន អឿន ស្រីមុំ កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា ឆ្នាំនេះនាងមិនបានចូលឆ្នាំនៅស្រុកកំណើតទេ នាងចេញទៅសម្តែងនៅប្រទេស បារាំង រយៈពេល៣ខែ និងអាចបន្តទៅសម្តែងនៅប្រទេស អូស្រ្តាលី ជាបន្តទៀត ។
ថ្វីដ្បិតតែពេលនេះតារាចម្រៀងរដឺន អឿន ស្រីមុំ មិនមានផលិតកម្មច្រៀងដូចកាលពីមុន តែជារៀងរាល់ឆ្នាំនាងតែងតែផលិតបទចម្រៀងដោយខ្លួនឯងជាពិសេសចុងក្រោយនេះនាងបានចូលរួមផលិតបទចម្រៀងក្នុងវិស័យពុទ្ធសាសនាច្រើន ។ តារាចម្រៀង អឿន ស្រីមុំ មានវ័យកាន់តែច្រើនក្តី នាងនៅតែមិនទាន់រៀបការមានគូថ្មីនៅឡើយទេបន្ទាប់ពីរស់នៅជាស្រ្តីមេម៉ាយអស់ពេលជាង២០ឆ្នាំ ៕


