តារាចម្រៀងជើងចាស់អ្នកស្រី ហ៊ឹម ស៊ីវន បានប្រកាសថាផ្អាកការងារសិល្បៈក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទុកពេលវេលាទៅមើលថែចំការទុរេន នៅទឹកដីខេត្ត កែប ។

អ្នកស្រី ហ៊ឹម ស៊ីវន មានឈ្មោះល្បីល្បាញនៅក្នុងវិស័យចម្រៀង និងអាចរកប្រាក់ចំណូលបានច្រើនគួរសមពីវិស័យនេះ តែអ្នកស្រីនៅតែមានការព្រួយបារម្ភ និងបានបណ្តាក់ទុននៅក្នុងការដាំដំណាំទុរេនបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត ពីព្រោះមិនអាចពឹងលើអាជីពសិល្បៈរហូតដល់ខ្លួនចាស់ឡើយ ។
ជួបជាមួយអ្នកស្រី ហ៊ឹម ស៊ីវន កាលពីមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ អ្នកស្រីបានរៀបរាប់ប្រាប់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អ្នកស្រីមិនទទួលការងារសិល្បៈ ឬចេញទៅសម្តែងនៅក្នុងសង្រ្កាន្ត ឆ្នាំថ្មីដូចជារាល់ដងទេ ដោយសារអ្នកស្រីទុកពេលវេលាទៅមើលថែចំការទុរេនរបស់ខ្លួននៅលើទឹកដីខេត្ត កែប ពីព្រោះឱកាសបុណ្យចូលឆ្នាំអ្នកស្រីបានឱ្យកម្មករដែលមើលថែចំការមានពេលវេលា ទៅលេងស្រុកកំណើត ចំណែកអ្នកស្រីនិងគ្រួសារនាំគ្នាមកគេងចាំថែចំការម្តង ។
ច្រើនឆ្នាំមកហើយដែលអ្នកស្រី ហ៊ឹម ស៊ីវន ទទួលបានប្រាក់ចំណេញពីការលក់ទុរេនរបស់ខ្លួនដែលបានប្រឹងប្រែងធ្វើអស់ពេលជាច្រើនឆ្នាំ អ្នកស្រីរំពឹងថា ឆ្នាំនេះទុរេននៅចំការរបស់អ្នកស្រីនឹងហុចផលច្រើនជាងរាល់ឆ្នាំ ។
ក្រៅពីការងារសិល្បៈនិងមើលថែចំការទុរេននៅខេត្តកែប អ្នកស្រី ហ៊ឹម ស៊ីវន ក៏មមាញឹកនៅក្នុងការមើលថែចៅភ្លោះប្រុសនិងស្រីវ័យ៣ឆ្នាំរបស់អ្នកស្រីផងដែរ អ្នកស្រីថា ថ្វិដ្បិតតែពេលនេះអ្នកស្រីមានកូនប្រសារ និងមានចៅដល់ទៅ២នាក់ក្តី អ្នកស្រីមិនបានបណ្តោយខ្លូនឱ្យចាស់ទៅតាមវ័យរបស់ខ្លួនឡើយ អ្នកស្រីត្រូវតុបតែងខ្លួនឱ្យស្អាត និងស៊ីវីល័យទៅតាមពេលវេលាសមគួរ ៕


