បន្ទាប់ពីត្រូវគ្នាជាប្តីប្រពន្ធជាមួយលោក យ៉ែម សំអូន វិញ អ្នកនាង យ៉ាន់ លីនដា ក៏មានឱកាសបានលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះអ្នកនាងបានចូលរួមកម្មវិធីជាច្រើន បន្ទាប់ពីខកខានក្នុងការចូលរួមអស់ពេលជាង២០ឆ្នាំ ។

ចាប់តាំងពីសម្រេចចិត្តផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា ដែលជាភរិយា កាន់តែមានយីអ៊ុនល្អនិងទទួលការងារធំៗជាច្រើន ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះអ្នកទាំងពីរទទួលបានការងារធំៗជាបន្តបន្ទាប់ ថែមទាំងបានរៀបចំពិធីខួបកំណើតសម្រាប់កូនស្រីរបស់ខ្លួនយ៉ាងធំដុំនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៥ កន្លងមកនេះផងដែរ ។
ជួបជាមួយលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា នៅក្នុងកម្មវិធីថតចម្រៀងរបស់សមាគមទូរទស្សន៍កម្ពុជានាពេលកន្លងមក អ្នកទាំងពីរបានបង្ហាញនូវអារម្មណ៍រីករាយ ក៏ដូចជាការនឹករលឹក ចំពោះវិស័យសិល្បៈជាខ្លាំង ជាពិសេសគឺអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះតែម្តង ។ នេះជាលើកដំបូងហើយដែលតារាចម្រៀងអ្នកនាង យ៉ាន់ លីនដា បានចូលរួមកម្មវិធីនេះបន្ទាប់ពីបានបែកបាក់គ្នាជាមួយលោក យ៉ែម សំអូន និងបានចេញទៅរស់នៅប្រទេស អូស្រ្តាលី ។
លោក យ៉ែម សំអូន បានទទួលស្គាល់ថា តាំងពីលោកត្រូវគ្នាជាមួយភរិយាវិញ ជីវិតរបស់លោកពេលនេះកាន់តែល្អប្រសើរជាពិសេសរឿងការងារកាន់តែជោគជ័យ ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះក្រុមតន្រ្តី Dara Entertainment របស់លោកទទួលបានគម្រោងធំៗជាច្រើន លោកនិងភរិយាត្រៀមធ្វើកម្មវិធីធំមួយផងដែរ ។
ចំណែកអ្នកនាង យ៉ាន់ លីនដា វិញក៏រំពឹងថា ជីវិតគ្រួសារដ៏តូចរបស់ខ្លួនជួបតែរឿងល្អៗ ចំណែករឿងចាស់ៗគឺនាងបានបំភ្លេចចោលអស់ហើយ ៕



